ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ បានផ្ញើសារតាមផេកផ្លូវការរបស់ឯកឧត្តម ជូនមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ ក្នុងស្ថានភាពនៃការកើនឡើងកំដៅ គួរឱ្យកត់សម្គាល់។
ក្នុងសារនោះ ឯកឧត្តម ស សុខា បានកត់សម្គាល់ថា នារយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ អាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្ដាប្រទេសនានាក្នុងតំបន់ បានកើនកំដៅគួរឱ្យកត់សម្គាល់។ ស្ថានភាពនេះ បានធ្វើឱ្យប៉ះពាល់ដោយផ្ទាល់ដល់ការបំពេញការងារ ការប្រកបរបរទទួលទានប្រចាំថ្ងៃ និងសុខភាពរបស់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋស្ទើរទូទាំងប្រទេស ក៏ដូចជាមន្រ្តីរាជការក្នុងមុខងារសាធារណៈ និងមុខងារនយោបាយផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា៖ “នៅពេលគ្រប់គ្នាសូម្បីតែអ្នកបំពេញការងារតាមការិយាល័យមានបំពាក់កង្ហារ ឬម៉ាស៊ីនត្រជាក់ និងប្រជាពលរដ្ឋទូទៅ បានលើកឡើងអំពីផលវិបាកដោយសារអាកាសធាតុក្ដៅ ខ្ញុំកាន់តែមានសេចក្ដីនឹកស្រណោះជាពន់ពេកដល់មន្រ្តីរាជការ និងកងកម្លាំងទាំងឡាយ ដែលបាននិងកំពុងបំពេញភារកិច្ចក្រោមកំដៅថ្ងៃ ដូចជា៖ ការល្បាតការពារបូរណភាពទឹកដី ការសម្រួលចរាចរណ៍ សន្តិសុខសណ្ដាប់ធ្នាប់ ការចុះប្រតិបត្តិការ និងការដោះស្រាយបញ្ហានានានៅមូលដ្ឋាន”។
ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរក្សាបាននូវប្រក្រតីភាពនៃការអនុវត្តតួនាទី ភារកិច្ចក្នុងស្ថានភាពបែបនេះ ដែលជាកាយវិការគួរឱ្យស្ញប់ស្ញែង ព្រមជាមួយសកម្មភាពរស់នៅ ប្រកបមុខរបរ បំពេញការងារផ្សេងៗរបស់ប្រជាពលរដ្ឋ និងបងប្អូនកម្មករ កម្មការិនី ប្រកបដោយភាពអត់ធ្មត់ក្រោមរលកកម្ដៅនេះ។
ឯកឧត្តមអ ស សុខា បានជំរុញដល់អាជ្ញាធរដែនដី ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ មេត្តាយកចិត្កទុកដាក់ខ្ពស់ តាមដាន និងរិះរកមធ្យោបាយនានាជាចំណែកនៃការជួយសម្រាលស្ថានការណ៍ ដូចជា ការប្រើប្រាស់រថយន្តបាញ់ស្រោចទឹកតាមដងផ្លូវ តាមទីប្រជុំជន ព្រមទាំងវិធីសាស្ត្រនានាដែលអាចធ្វើទៅរួច ក្នុងស្មារតីបង្ការពីផលប៉ះពាល់ទាំងឡាយ លើសុខភាព ជួយសម្រួលដល់ការបំពេញភារកិច្ច ការងារ ការប្រកបមុខរបរ និងការសិក្សារៀនសូត្រជាដើម។
ជាមួយគ្នានេះដែរ សូមបន្តផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋនូវវិធីបន្សាំខ្លួន ការពារទប់ទល់នឹងបាតុភូតធម្មជាតិ ឬការប្រែប្រួលអាកាសធាតុ ដែលកំពុងប្រឈម ជាពិសេសគ្រោះអគ្គិភ័យជាយថាហេតុណាមួយ ដោយត្រៀមកម្លាំងអន្តរាគមន៍ទាន់ពេល រួមនឹងវិធានត្រៀមសង្គ្រោះប្រជាពលរដ្ឋ កើតមានបញ្ហាសុខភាពបន្ទាន់ណាមួយផងដែរ៕