សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើកឡើងជុំវិញវិទ្យុបរទេសនិយាយភាសាខ្មែរ The Cambodia Daily បានប្រឌិតរឿងមិនពិត ក្នុងគោលបំណងមួលបង្កាច់ វាយប្រហារបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងកូនប្រសារសម្តេច គឺលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី។
តាមរយៈបណ្តាញសង្គមផ្លូវការនៅថ្ងៃទី២ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន លើកឡើងទាំស្រុងយ៉ាងដូច្នេះថា៖ “បើចេះឲ្យគេកោតបើឆោតឲ្យគេអាណិត។ ហេតុតែប្រឆាំងគ្រប់រឿងបានថ្មីៗនេះ កាសែតប្រឆាំងដែលអះអាងថាមាន មន្ត្រីគយនិយាយថាលោកគុណ ញឹម យកលុយមកសូកប្រពន្ធហ៊ុន ម៉ាណែតដើម្បីបានពន្យាអាយុចូលនិវត្តន៍ ដល់ឆ្នាំ២០២៨។
មុនដំបូងខ្ញុំសម្រេចឲ្យចូលនិវត្តន៍ត្រឹមឆ្នាំ២០២៥តែក្រោយមកតាមសំណើរឯកឧត្តមអូន ពន្ធមុនីរត្ឋ័និងពិនិត្យលើភាពចាំបាច់នៃកំណែទម្រង់គយនិងគុណសម្បត្តិរបស់សាមីខ្លួនខ្ញុំបានសម្រេចឲ្យឯកឧត្តមគុណ ញឹមចូលនិវត្តន៍នៅឆ្នាំ២០២៨។
បន្ថែមលើនោះខ្ញុំក៏បានសម្រេចឲ្យអគ្គនាយករងពីររូបទៀតបានចូលនិវត្តន៍នៅឆ្នាំ២០២៨ផងដែរ ដើម្បីក្លាយជាក្រុមដឹកនាំបន្តកំណែទម្រង់គយប្រកបដោយជោគជ័យ។ សូមមើលឯកសារជូនភ្ជាប់ជាមួយដើម្បីមើលឲ្យឈប់ល្ងង់។ សូមពាក់វ៉ែនតាមើលផងប្រសិនភ្នែកមិនល្អជៀសវាងមើលច្រឡំថ្ងៃខែឆ្នាំ។ចំណែកវីដេអូជាដំណាក់ទីមួយដែលខ្ញុំលើកឡើងខាងលើដែលមិនអាចយកមកជំនួសឯកសារនេះបានឡើយ។
ហេតុអ្វីបានពួកអ្នកមកវាយប្រហារ ប្រពន្ធហ៊ុន ម៉ាណែតដែលជាកូនប្រសារខ្ញុំទៅវិញឬមកពីល្ងង់?”៕