ក្រុមហ៊ុន Royal Railway Cambodia បានបញ្ជាទិញរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុនដឹកមកដល់កម្ពុជាហើយ ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅក្នុងខែមិថុនាខាងមុខនេះ ដែលរត់ពីភ្នំពេញ-ក្រុងព្រះសីហនុ-ភ្នំពេញ-ប៉ោយប៉ែត-ភ្នំពេញកំពត-ភ្នំពេញ-កែប។
បើតាមហ្វេសប៊ុកក្រុមហ៊ុន រេលវេ ខេមបូឌា សំរាប់ខ្សែអ្នកដំណើរនឹងអាចដាក់ដំណើរការឆាប់ៗ លើផ្លូវដែកទាំងពីរខ្សែ ដោយខ្សែអ្នកដំណើរខាងជើង ភ្នំពេញ » « ពោធ៍សាត់, ភ្នំពេញ » « មោងឬស្សី, ភ្នំពេញ » « បាត់ដំបង, ភ្នំពេញ » « សិរីសោភ័ណ, ភ្នំពេញ » « ប៉ោយប៉ែត។ សម្រាប់ខ្សែអ្នកដំណើរខាងត្បូង ភ្នំពេញ » « តាកែវ, ភ្នំពេញ » « កំពង់ត្រាច, ភ្នំពេញ » « កែប, ភ្នំពេញ » « កំពត, ភ្នំពេញ » « វាលរេញ និងភ្នំពេញ » « ក្រុងព្រះសីហនុ។
ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង រេលវេខេមបូឌា បានឲ្យដឹងថា រថភ្លើងនេះ នឹងបើកបរដោយល្បឿនចន្លោះពី៩០ ទៅ ១១០ គីឡូម៉ែត្រក្នុងមួយម៉ោង អាស្រ័យតាមស្ថានភាពផ្លូវ ខណៈដែលរថភ្លើងបច្ចុប្បន្នអាចរត់បានល្បឿនត្រឹមតែ ៥០គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ។
សូមបញ្ជាក់ថា រថភ្លើងដែលទិញពីប្រទេសជប៉ុនចំនួន ១១ទូនេះ ជារថភ្លើងជំនាន់ទី១ របស់ជប៉ុន ផលិតក្នុងឆ្នាំ១៩៧៩ ដែលអាចដំណើរខ្លួនឯងបាន ដោយពុំចាំបាច់ប្រើក្បាលរថភ្លើង ដើម្បីអូសទូរថភ្លើងនោះឡើយ៕