សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្ហាញមោទនភាពនៅពេលឃើញផលិតផលមានដាក់អក្សរខ្មែរ ផលិតនៅស្រុកខ្មែរ។ សម្តេចបានគូសបញ្ជាក់ថា ការផលិតដោយខ្លួនឯង គឺជាសមត្ថភាពដកដង្ហើមដោយខ្លួនឯង និងម្ចាស់ការដោយខ្លួងឯង ដែលនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលចង់បាន។
ក្នុងពិធីសម្ពោធរោងចក្រដំឡើងរថយន្តតូយ៉ូតា ដែលមានទុកវិនិយោគ៣៧លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដំឡើងរថយន្តតូយ៉ាតានៅកម្ពុជា គឺជាផ្តល់នូវមោទនភាពសម្រាប់ប្រជាជាតិកម្ពុជា។ សម្តេចធិបតីមានប្រសាសន៍ថា៖ “ទឹកក្រូចមួយកំប៉ុង មួយនាំចូល មួយផលិតនៅកម្ពុជា បើខ្ញុំឃើញអក្សរខ្មែរនៅលើកំប៉ុង ខ្ញុំឃើញអក្សរខ្មែរថាផលិតនៅស្រុកខ្មែរ ខ្ញុំមានមោទនភាពណាស់ ខ្ញុំអត់ដឹងថាបងប្អូនមានអារម្មណ៍យ៉ាងមិច, ទឹកក្រូចមួយកំប៉ុងដូចគ្នា តែយើងផលិតខ្លួងឯង នេះហើយជាអ្វីដែលជាសមត្ថភាពដកដង្ហើម សមត្ថភាពម្ចាស់ការខ្លួងឯង”។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាមិនអាចស្ថិតនៅត្រឹមជាប្រទេសនាំចេញវត្ថុធាតុដើមនោះទេ តែកម្ពុជាត្រូវមានសមត្ថភាពផលិតផលិតផលពាក់កណ្តាលសម្រេច និងសម្រេច សម្រាប់កំណើនជីវភាពប្រជាពលរដ្ឋ ហើយការបណ្តុះបណ្តាលធនធានមនុស្ស គឺជាកិច្ចការដ៏សំខាន់ ដើម្បីបំពេញតាមតម្រូវការ និងលើកទឹកចិត្តសម្រាប់ការវិនិយោគ៕
អត្ថបទ៖ អក្ខរា