នៅព្រឹកថ្ងៃសុក្រ ទី២ ខែឧសភានេះ រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន តូយ៉ូតា បានសម្ពោធជាផ្លូវការ ក្រោមវត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានទីតាំងក្នុងតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៣៦,៨លានដុល្លាអាមេរិក និងមានបុគ្គលិកសរុបចំនួន ១៥០នាក់។
ក្រុមហ៊ុននេះមានសមត្ថភាពដំឡើងរថយន្តពីរប្រភេទ បានចំនួន ១,៣២០ គ្រឿង សម្រាប់ឆ្នាំ ២០២៤, ក្នុងនោះ ទី១៖ ប្រភេទ SUV ម៉ាក Toyota Fortuner ចំនួន ២៩០ គ្រឿង និង ទី២៖ ប្រភេទមួយបាំងកន្លះ Pick-up truck ម៉ាក Toyota Hilux ចំនួន ១០៣០គ្រឿង។
ក្នុងឪកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រោងចក្រដំឡើងរថយន្តតូយ៉ូតា មិនត្រឹមតែជាវឌ្ឍនភាពថ្មីដ៏ល្អសម្រាប់វិស័យឧស្សាហកម្ម នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែ ថែមទាំងជាសញ្ញាដ៏វិជ្ជមានមួយសម្រាប់ការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជាទៀតផង។
សម្តេចធិបតីបន្តថា ដើម្បីអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា បានកំណត់វិធានការគន្លឹះជាអាទិភាពតាមផ្នែកចំនួន៥រួមមាន៖ ១- យុទ្ធសាស្ត និង ការសម្របសម្រួលអន្តរស្ថាប័ន ២- ធនធានមនុស្ស និងនវានុវត្តន៍ ៣- ហេដ្ឋារចនាសម្ព័ន្ធ ៤- កិច្ចសម្រួលពាណិជ្ជកម្ម និង ៥- បរិយាកាសធុរកិច្ច និង ការវិនិយោគ។
តាមរយៈក្រុមហ៊ុនដំឡើងរថយន្តតូយ៉ូតានាពេលនេះ សម្តេចធិបតីគូសបញ្ជាក់ថា ជាការផ្តល់ឱកាសផ្ទេរបច្ចេកវិទ្យាយានយន្តដល់ពលរដ្ឋកម្ពុជា។ សម្តេចធិបតី ស្នើក្រុមហ៊ុនផ្តល់ឱកាសសិក្សាពីក្នុងរោងចក្រដល់យុវជនកម្ពុជា។ សម្តេចធិបតីបញ្ជាក់បន្ថែមថា ការបណ្តុះបណ្តាលធនធានមនុស្ស គឺជាកិច្ចការដ៏សំខាន់ ដើម្បីបំពេញតាមតម្រូវការ និងលើកទឹកចិត្តសម្រាប់ការវិនិយោគ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «កម្ពុជាមានចក្ខុវិស័យប្រែក្លាយខ្លួនជា មជ្ឈមណ្ឌលប្រមូលផ្តុំ សកម្មភាពផលិតគ្រឿងបង្ខំយានយន្ត និងបរិក្ខារអេឡិចត្រូនិក សម្រាប់នាំចេញទៅទីផ្សារក្នុងតំបន់ និងសកលលោក ដែលការសម្រេចបានចក្ខុវិស័យនេះ នឹងនាំមកជាផ្លែផ្កាវិជ្ជមានជាច្រើន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ»៕