រោងចក្រដំឡើងរថយន្តរបស់ជប៉ុនតម្លៃ ៣៧លានដុល្លារ សម្ពោធថ្ងៃស្អែកក្រោមវត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត

រោង​ចក្រ​ដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា នឹងសម្ពោធជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤ស្អែកនេះ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនឹងអញ្ជើញជាអធិបតីភាព នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។

រោងចក្រដំឡើងរថយន្តតូយ៉ូតានៅប្រទេសកម្ពុជាមានឈ្មោះថា តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេក​ឈឺរីង ទទួលបានវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ហៅកាត់ CDC បង្កើតរោងចក្រផ្តុំ និងដំឡើងរថយន្តតូយ៉ូតាលើផ្ទៃដីសរុប ៤២,៩៧១ម២ ស្ថិតក្នុងតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។

ក្រុមហ៊ុន តូយ៉ូតា បានឲ្យដឹងថា រោងចក្រនេះមានសមត្ថភាពដំឡើងរថយន្តចំនួន ២ប្រភេទ ទី១៖ ជាប្រភេទ SUV ម៉ាក FORTUNER និងទី២៖ ជាប្រភេទ Pick-UP ម៉ាក HILUX ដែលមានទុនវិនិយោគ​ចំនួន ៣៦,៧៨១,០០០ដុល្លារអាមេរិក និងមានបុគ្គលិកសរុបចំនួន ១៥០នាក់ ហើយ​មានសមត្ថភាពដំឡើងរថយន្តចំនួន ១,៣២០គ្រឿងសម្រាប់ផ្គត់ផ្គង់តម្រូវការ​ទីផ្សារ (Market demand) ឆ្នាំ២០២៤ ក្នុងនោះរថយន្ត FORTUNER ចំនួន ២៩០គ្រឿង និងរថយន្ត HILUX ចំនួន ១,០៣០គ្រឿង៕