ក្នុងប្រតិបត្តិការរយៈពេល ២៣ថ្ងៃ គិតចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២៩ ខែមេសាឆ្នាំ២០២៤ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ជាលទ្ធផលក្នុងប្រតិបត្តិការក្តៅគគុកនេះ ក្រុមការងារបានសម្របសម្រួលពន្យល់បងប្អូនប្រជាពលរដ្ឋដែលលង់ចាញ់បោកមេខ្យល់ឱ្យពួកគាត់យល់ និងស្ម័គ្រចិត្តព្រមរុះរើចាកចេញពីដីក្នុងតំបន់ការពារធម្មជាតិដោយរីករាយ និងសន្តិវិធី ។
ក្នុងនោះ សមត្ថកិច្ចខេត្តស្ទឹងត្រែង បានឃាត់ខ្លួនកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ចំពោះក្រុមមេខ្លោង និងបក្សពួកនៅពីក្រោយរឿងនេះរួមមាន យាយម៉ា ឈ្មោះពិត សៅ សាលម៉ា ,តាជ័យ សែន ឈ្មោះពិត សុខ យឿន ,ឈ្មោះ អ៊ិន ភុំ ,ឈ្មោះ សាន តឿង , ឈ្មោះ សន សឿង , ឈ្មោះ សន គាវលី , ឈ្មោះ ទ្រី ស៊ីនាង ,ឈ្មោះ ហ៊ុន វិបុល ហៅវណ្ណា ,ឈ្មោះ ចាន់ រី ហៅជាតិ និងឈ្មោះ ពៀច ចាន់ (ដែលគេស្គាល់ថាជាប្រធានអង្គការថែរក្សាការពារធម្មជាតិ ប្រចាំខេត្តស្ទឹងត្រែង ខេត្តរតនគរី ខេត្តក្រចេះ និងខេត្តព្រះវិហារ) ដែលគេល្បីថាជាមេឈ្មួញ និងបក្សពួកមេខ្លោងដុសស្លែរឿងជួញដូរដី និងកៀរគរមនុស្សឱ្យមកកាប់ទន្ទ្រានដីព្រៃខុសច្បាប់ជាង១ម៉ឺនហិកតានៅក្នុងខេត្តស្ទឹងត្រែង ហើយថែមទាំងល្បីថាគ្មាននរណាហ៊ានប៉ះសូម្បីតែមួយសរសៃសក់ និងធ្លាប់តែបានចិត្តធ្វើសកម្មភាពផ្តេសផ្តាសយ៉ាងគឃ្លើន ចេះតែបន្តចលនាកៀរគរប្រជាពលរដ្ឋ ទាំងបងប្អូនខ្មែរ និងបងប្អូនខ្មែ-ឥស្លាម ឱ្យមករំលោភបំពានកាប់ទន្ទ្រានដីព្រៃក្នុងដែនជម្រកសត្វព្រៃ និងតំបន់ការពារធម្មជាតិដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន ដើម្បីលក់ដូរខុសច្បាប់យ៉ាងអាណាធិបតេយ្យ នៅចំណុចភ្នំក្រឡាពស់ ក្នុងតំបន់ឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង ស្ថិតក្នុងស្រុកសេសាន និងតំបន់ដែនជម្រកសត្វព្រៃឆែប-ព្រះរកា ស្ថិតក្នុងស្រុកបូរីអូរស្វាយសែនជ័យ។
ដោយឡែកមេខ្លោង និងអ្នកពាក់ព័ន្ធផ្សេងទៀតសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួនបន្តទៀត។ ចំពោះដីព្រៃឈើដែលរងការដុតបំផ្លាញ និងកាប់ទន្ទ្រានខុសច្បាប់ នៅតំបន់ភ្នំក្រឡាពស់ ក្នុងឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង ស្ថិតក្នុងស្រុកសេសាន ត្រូវបានខូចខាតទាំងស្រុងប្រមាណ ៧ពាន់ហិកតា និងគ្រោងរងការខូចខាតប្រមាណ៦-៧ពាន់ហិកតាបន្ថែមទៀត រីឯព្រៃឈើក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរកា ស្ថិតក្នុងស្រុកបូរីអូរស្វាយសែនជ័យ ដែលរងការដុតបំផ្លាញ និងកាប់ទន្ទ្រានខូចខាតទាំងស្រុងប្រមាណជាង ៦រយហិកតា និងគ្រោងរងការខូចខាតប្រមាណ ៥-៦រយហិកតាបន្ថែមទៀត ត្រូវបានក្រុមការងារអនុវត្តប្រតិបត្តិការពិសេសរំដោះបានយកមកប្រគល់ជូនមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងរដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីគ្រប់គ្រងមើលថែរក្សាការពារជាសម្បត្តិធនធានធម្មជាតិឡើងវិញ៕