ឧត្តមសេនីយ៍ទោ ខូវ ឆាយ ដែលទើបចូលកាន់តួនាទីជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរជំនួសលោក តែម ម៉ឺន បានប្រកាសជាជំហរប្តេជ្ញាចិត្តកំចាត់អំពើពុករលួយ បក្សពួកនិយម និងកាបសង្កត់នៅក្នុងសហព័ន្ធប្រដាល់គុនខ្មែរ។
លោក ខូវ ឆាយ លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីថ្ងៃទី៣០ ខែមេសាកន្លងទៅ បាននិយាយថា ក្នុងអាណត្តិនៃការដឹកនាំរបស់លោកក្នុងនាមជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោកប្រឆាំងដាច់ខាតរាល់អំពើជិះជាន់គាបសង្កត់ បក្សពួកនិយម និងអំពើពុករលួយនៅក្នុងសហព័ន្ធប្រដាល់គុនខ្មែរ។
លោកថា បើមានមន្ត្រីសហព័ន្ធគុនខ្មែរណាម្នាក់ទទួលរងនូវអំពើគាបសង្កប់ក្នុងការបំពេញការងារ រឺក៏ដឹងឮអំពីករណីអំពើពុករលួយណាមួយកើតមានក្នុងសហព័ន្ធ សូមជួយឆាតចូលមកផេកផ្លូវការរបស់ខ្ញុំ ដើម្បីខ្ញុំអាចដោះស្រាយជូនទាន់ពេលវេលា។
លោកផ្កាយ២រូបនេះបញ្ជាក់ថា ការផ្តល់ពត៌មានរបស់បងប្អូនជាការចូលរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាគុនខ្មែរយើងអោយរីកចំរើន។
ក្រោយមានការរិះគន់ពីមហាជនក្នុងវិស័យគុនខ្មែរ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានធ្វើការផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំថ្មី ដោយលោក ខូវ ឆាយ ត្រូវបានអង្គប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ បោះឆ្នោតជ្រើសតាំងជាប្រធានសហព័ន្ធ ជំនួសប្រធានសហព័ន្ធចាស់ គឺលោក តែម ម៉ឺន ដែលបានសុំលាលែងពីតំណែង៕