សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា អបអរសាទរខួប២៥ឆ្នាំ កម្ពុជាចូលជាសមាជិកអាស៊ាន នៅថ្ងៃទី៣០ ខែមេសា (៣០ មេសា ឆ្នាំ១៩៩៩-៣០ មេសា ឆ្នាំ ២០២៤)។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា អាស៊ានបានក្លាយជាស្នូលមួយ នៃនយោបាយការបរទេសរបស់កម្ពុជា ដែលអាចឆ្លុះបញ្ចាំង បានតាមរយៈការផ្សារភ្ជាប់ការអភិវឌ្ឍ ផ្នែកនយោបាយ សង្គម សេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសមាហរណកម្មតំបន់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
បើតាមសម្ដេចតេជោ ហ៊ុន សែន ការក្លាយទៅជាសមាជិកអាស៊ាននេះ គឺជាជោគជ័យនៃការទូតមួយរបស់ប្រទេសកម្ពុជា ក្នុងកាពង្រីកអនុភាព និងបង្កើនតួនាទីរបស់ខ្លួនកាន់តែសកម្ម នៅក្នុងតំបន់ផងដែរ។
សូមបញ្ជាក់ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន គឺជាអង្គការថ្នាក់តំបន់មួយ រួមមានប្រទេសនៅអាស៊ីអាគ្នេយ៍ទាំងដប់ជាសមាជិក រួមមានថៃ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី ព្រុយណេ វៀតណាម មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា ដែលបានចូលជាសមាជិកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ក្នុងពេលកិច្ចប្រជុំនៅក្នុងប្រទេសវៀតណាម ហើយជាសមាជិកដែលចូលក្រោយគេបំផុត៕
អត្ថបទ៖ អក្ខរា