ហេតុការណ៍ផ្ទុះឃ្លាំងផ្ទុកគ្រាប់នៅក្នុងខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ បានបង្កើតជាសោកនាដកម្មដ៏គួរឱ្យសោកសង្រេងយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋកម្ពុជា។ ហេតុការណ៍នេះ បានឆក់យកអាយុជីវិតកងកម្លាំងយោធាកម្ពុជា២០ នាក់ និងរបួសជាច្រើននាក់ទៀត។ ស្របពេលក្រុមគ្រួសារ និងប្រជាពលរដ្ឋកំពុងតែជួបទុក្ខសោកខ្លោចផ្សារព្រោះតែបាត់បង់មនុស្សជាទីស្រឡាញ់ ជាទីគោរព ស្រាប់តែទណ្ឌិតក្បត់ជាតិ៣ជំនាន់ បានចេញមកប្រឌិតព័ត៌មានដ៏គួរឱ្យស្អប់ខ្ពើម។ ប៉ុន្តែ ទង្វើរបស់ទណ្ឌិត សម រង្ស៊ី នេះ ត្រូវបានគណបក្សនយោបាយចំនួន៤ចេញមកខោកក្បាល ឱ្យចេះគិតមុននិយាយអ្វីមួយ។
ទណ្ឌិតក្បត់ជាតិ៣ជំនាន់ បានប្រឌិតព័ត៌មានថា ការផ្ទុះឃ្លាំងផ្ទុកគ្រាប់នៅខេត្តកំពង់ស្ពឺ គឺជាចលនាផ្ទៃក្នុងដែលប្រឆាំងនឹងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្រ្តី។ ការនិយាយនេះ មិនតឹ្រមតែញុះញង់ឱ្យមានការយល់ច្រលំនៅក្នុងកងកម្លាំងយោធា និងប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏ជាការបំផ្លើសបំភ្លៃ និងលាបពណ៌លើថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា។ មិនតែប៉ុណ្ណោះ នេះ គឺជាទង្វើអសីលធម៌ ខ្វះការគោរព និងប្រមាថដល់វិញ្ញាណក្ខន្ធកងកម្លាំងកម្ពុជាដែលពលីថែមទៀតផង។
ខុសពីទណ្ឌិតរូបនេះ គណបក្សនយោបាយចំនួន៤នៅកម្ពុជា ដែលខ្លះជាគណបក្សដែលបង្កើតឡើងដោយទណ្ឌិត សម រង្ស៊ី ផ្ទាល់ និងខ្លះទៀត ធ្លាប់មានការទាក់ទងជាមួយទណ្ឌិតក្បត់ជាតិ បានចេញសារចូលរួមមរណទុក្ខដល់ក្រុមគ្រួសាររបស់សព។ គណបក្សទាំង៤នេះ គឺគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា។
គណបក្សទាំង៤ បានចេញសាររួមគ្នាថា៖ «យើងខ្ញុំសូមសម្តែងនូវការសោកស្តាយស្រណោះ អាឡោះអាល័យជាទីបំផុត និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារយោធិនពលី និងសម្តែងនូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួសក្នុងឧបទ្ទវហេត្តដ៏សោកសង្រេងនេះ»។ ជាមួយគ្នានេះ គណបក្សទាំងនេះ ក៏បានឧទ្ទិសបួងសួងឱ្យដួងវិញ្ញាក្ខន្ធរបស់យោធិនពលី បានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ និងសូមជូនពរយោធិន និងជនរងគ្រោះទាំងអស់ឱ្យបានជាសះស្បើយ។
រីឯ ទណ្ឌិតក្បត់ជាតិ៣ជំនាន់វិញ មិនត្រឹមតែមិនចូលរួមរំលែកទុក្ខ ឬសម្តែងការសោកស្តាយណាមួយទេ តែបែរជាទៅលាបពណ៌យោធិបពលី និងយោធិនរងរបួសថា មានចលនាប្រឆាំងនឹងសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ទៅវិញ។ នេះ ចំជាអ្នកនយោបាយចោលម្សៀត ក្បត់ជាតិ ក្បត់ប្រជាពលរដ្ឋ ក្បត់ប្រជាជាតិកម្ពុជា យ៉ាងប្រាកដមែន៕
ដោយ៖ ជម្ពូនុទ