បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រកាសជាសាធារណៈស្វែងរកការគាំទ្រពីប្រជាជនកម្ពុជាគ្រប់រូប លើគម្រោងព្រែកជីកហ្វូណនតេជោ ភ្លាមៗសា្ថប័នសាធារណៈ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមហាជន បានបង្ហោះសារនិងចេញញ្ញាតិព្រោងព្រាធ តាមបណ្តាញសង្គម និងតាមប្រព័ន្ធផ្សព្វផ្សាយ គាំទ្រការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន។
ថ្លែងពីវេទិកាក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងដ៏ធំមួយរបស់កម្ពុជា គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីផលប្រយោជន៍ជាតិ។ សម្ដេច បានសង្កត់ធ្ងន់ថា សម្ដេចត្រូវតែការពារឲ្យបានជាដាច់ខាត ហើយត្រូវតែធ្វើឲ្យព្រែកជីកមួយនេះលេចចេញជារូបរាងឡើង ។
ជាមួយគ្នានេះ តាមរយៈអត្ថបទវិភាគដែលបានចេញផ្សាយលើគេហទំព័ររបស់រាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ស៊ឺន សំ ដែលជាអ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា សាមគ្គីភាពដ៏រឹងមាំក្នុងចំណោមប្រជាជនកម្ពុជាទាក់ទងនឹងព្រែកជីកហ្វូណនតេជោនេះ ឆ្លុះបញ្ចាំងពីជំនឿយ៉ាងជ្រាលជ្រៅចំពោះសក្តានុពលសេដ្ឋកិច្ចសម្រាប់ប្រទេសកម្ពុជា ហើយនឹងការជឿជាក់ចំពោះការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបណ្ឌិត បានបន្តថា លើសពីទំហំសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ព្រែកជីកនេះបានបង្កប់នូវមរតកប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា សេចក្តីប្រាថ្នាសម្រាប់សមាហរណកម្មក្នុងតំបន់ និងការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលជាសេចក្តីប្រាថ្នាចង់បានរបស់ពលរដ្ឋកម្ពុជាគ្រប់រូប។ ប្រទេសជិតខាងកម្ពុជាគួរតែគោរពការសម្រេចចិត្តរបស់កម្ពុជា ហើយគួរតែគោរពតាមគោលការណ៍ដែលមានឱ្យមានពិតប្រាកដ។
គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយទុនប្រមាណ ១,៧០០លានដុល្លារអាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ៕