យប់មិញនេះ ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការនយោបាយ ពិតជាមានក្តីរំភើបនិងមោទនភាពយ៉ាងក្រៃលែង ក្រោយពីបានស្តាប់ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានលើកឡើងថា ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោមានភាពច្បាស់លាស់ និងដាច់ណាត់ដែលបង្ហាញពីការសម្រេចចិត្តដ៏ត្រឹមត្រូវ និងមានលក្ខណ:វិទ្យាសាស្ត្រខ្ពស់បំផុតពាក់ព័ន្ធនឹងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ។ ប្រសាសន៍នេះក៏ជាការផ្ញើសារដ៏ច្បាស់លាស់មួយទៅកាន់មេដឹកនាំវៀតណាមដែលបណ្ដោយឱ្យមន្ត្រីរបស់ខ្លួនវាយប្រហារកម្ពុជាម្តងហើយម្តងទៀតជុំវិញគម្រោងព្រែកជីកនេះបើទោះបីកម្ពុជាធ្លាប់ពន្យល់ច្រើនលើកច្រើនសារហើយក៏ដោយ។ សម្តេចតេជោបានសង្កត់ធ្ងន់ថា «កម្ពុជាមិនល្ងង់ជាងវៀតណាមទេ» និងបានសន្យាដាក់ជីវិតក្នុងកសាងព្រែកជីកនេះឱ្យបាន។
លោកបណ្ឌិតបានបន្តថា៖ “យើងពិតជាមានសំណាងដែលមានសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ឆ្លាតវៃ មានចក្ខុវិស័យវែងឆ្ងាយ មានការសម្រេចចិត្តដ៏ត្រឹមត្រូវ និងមានសេចក្តីក្លាហានចំពោះមុខសម្ពាធនានា។ គ្រប់កាលៈទេសៈ សម្តេចតេជោ តែងតែឈរយ៉ាងរឹងមាំដើម្បីការពារផលប្រយោជន៍ជាតិ ការពារសុខសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យជាតិ ឯករាជ្យ បូរណភាពទឹកដី កិត្យានុភាពជាតិលើឆាកអន្តរជាតិ និងវិបុលភាពសម្រាប់ប្រជាជាតិខ្មែរយើង។ទោះក្នុងតម្លៃណាក៏ដោយ កម្ពុជាយើងត្រូវតែសាងសង់ព្រែកជីកនេះឱ្យខាងតែបានដើម្បីផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិយើង ដោយអនុវត្តយុទ្ធសាស្ត្រ «ឆ្កែចេះតែព្រុស រទេះចេះតែបរ»”។
លោកបណ្ឌិតបានបន្ថែមថា៖ “នៅពេលយើងមានព្រែកជីកនេះ យើងនឹងធូរច្រមុះហើយ យើងមិនចាំបាច់ខ្ចីបំពង់អុកស៊ីហ្សែនរបស់នរណាមកដកដង្ហើមទៀតទេ, យើងអាចកាត់បន្ថយភាពអាស្រ័យទៅលើអ្នកជិតខាងបានច្រើនហើយ។ ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ គ្រប់ស្រទាប់វណ្ណៈ ត្រូវតែស្រុះដៃគ្នាក្នុងចរន្តតែមួយជាមួយថ្នាក់ដឹកនាំយើង ជាមួយរាជរដ្ឋាភិបាលយើង ក្នុងការជំរុញគម្រោងព្រែកជីកដ៏មានសក្តានុពលនេះឱ្យលេចចេញជារូបរាងឆាប់ៗ។ គម្រោងនេះគឺជាការសាកល្បងដ៏សំខាន់ណាស់ចំពោះភាពរឹងមាំនៃកម្លាំងឯកភាពជាតិ សាមគ្គីជាតិ និងភាពធន់នៃជាតិយើង”៕