សមាគមឧកញ៉ាកម្ពុជា បានរៀបចំសន្និបាតលើកទី១ ឆ្នាំ២០២៣ និងទិសដៅផែនការ ឆ្នាំ២០២៤ របស់ខ្លួនកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារហ្គាឌិនស៊ីធី ដែលចូលរួមបិទសន្និបាតពីលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី។
ដោយសង្កេតឃើញពីតួនាទី និងមុខងារដ៏សំខាន់របស់សមាគមឧកញ៉ាកម្ពុជា និងក្នុងនាមជាប្រធានគណៈកម្មការអន្តរក្រសួងពិនិត្យ និងវាយតម្លៃលើសំណើសុំគោរមងារនិងការបញ្ចប់គោរមងារឧកញ៉ា លោក វង្សី វិស្សុត បានផ្ដល់នូវអនុសាសន៍មួយចំនួន និងស្នើសុំកិច្ចសហការពីសមាគមឧកញ៉ាកម្ពុជា ដោយគោរមវន្តទាំងអស់ត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់កម្ពុជា ប្រកាន់ខ្ជាប់នូវសីលធម៌ល្អ ប្រកបមុខរបរស្របច្បាប់ និងចៀសវាងសកម្មភាពណា ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់គោរមងារឧកញ៉ា។
លោកស្នើឲ្យចលនាគោរមវន្តដែលជាសមាជិករបស់សមាគម ឱ្យចូលរួមកាន់តែសកម្មភាពថែមទៀត ក្នុងការអភិវឌ្ឍ និងកសាងជាតិ មានជាអាទិ៍ ការផ្តល់អំណោយជាថវិកា និងការចូលរួមបរិច្ចាគធនធានទ្រព្យសម្បត្តិ សម្ភារៈបរិក្ខារនានាជូនរដ្ឋ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាដែលក្នុងនោះមានដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ដ្រ វត្តអារាម អគារសាធារណៈជាដើម។
ជួយរាជរដ្ឋាភិបាលលើការពិនិត្យ និងវាយតម្លៃចំពោះសំណើសុំផ្តល់គោរមងារឧកញ៉ា ឱ្យស័ក្កិសមស្របតាមគុណបំណាច់របស់គោរមវន្ត ក្នុងការចូលរួមអភិវឌ្ឍ និងកសាងជាតិ ក៏ដូចការបញ្ចប់គោរមងារឧកញ៉ា ក្នុងករណីប្រព្រឹត្តល្មើសនឹងបញ្ញាត្តិនៃព្រះរាជក្រឹត្យស្ដីពីគោរមងារឧកញ៉ា ដើម្បីការពារកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ឧកញ៉ា។ លោកថា ក្នុងនាមជាស្ថាប័នតែមួយគត់ដែលតំណាងឱ្យគោរមវន្តទាំងអស់នៅកម្ពុជា សមាគមឧកញ៉ាកម្ពុជាត្រូវខិតខំប្រឹងប្រែងលើកកម្ពស់កិត្យានុភាពរបស់ខ្លួន ដើម្បីកៀរគរសមាជិកឱ្យកាន់តែច្រើន និងលើកកម្ពស់ភាពជាតំណាង (representativeness) របស់ខ្លួនជូនសហគមន៍ឧកញ៉ាទាំងមូល។
សមាគមឧកញ៉ាកម្ពុជាត្រូវរៀបចំផែនការសកម្មភាពការងារសង្គម និងសប្បុរសធម៌ ជាពិសេសពន្លឿនការបង្កើតមូលនិធិសមាគមឧកញ៉ាកម្ពុជា ដោយធានាឱ្យសមាជិក-សមាជិកាគ្រប់រូប មានឱកាសចូលរួមក្នុងសកម្មភាពទាំងនោះ ហើយមានអ្នកទទួលផលច្រើនពីគ្រប់មជ្ឈដ្ឋាន ដើម្បីលើកកម្ពស់សក្តានុពល និងកិត្យានុភាពរបស់សមាគម។
ជាមួយគ្នានោះដែរ សមាគមឧកញ៉ាកម្ពុជាត្រូវរៀបចំយន្តការ និងមានកម្មវិធីច្បាស់លាស់ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងផង និងភាពជាដៃគូផង នៅក្នុងទីផ្សារ សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគក្នុងស្រុក និងទាក់ទាញការវិនិយោគពីក្រៅប្រទេសមកប្រទេសកម្ពុជា។ សមាគមឧកញ៉ាកម្ពុជាគួរបន្តសហការឱ្យកាន់តែសកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងការកែលម្អបរិយាកាសធុរកិច្ច និងកសាងបរិយាកាសដែលមានភាពទាក់ទាញ និងអំណោយផលដល់សកម្មភាពអាជីវកម្ម សំដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច ប្រកបដោយភាពធន់ និងបរិយាបន្ន៕