មហាជនប្រតិកម្មសារព័ត៌មាន VOD ដែលពូកែខាងញុះញុង់ ប្រឌិតរឿងអវិជ្ជមានចោទប្រកាន់ទម្លាក់កំហុសមកលើរដ្ឋាភិបាលកម្ពុជាគ្រប់រូបភាព

មហាជនបានផ្ទុះប្រតិកម្ម និងសម្តែងការមិនពេញចិត្តជាខ្លាំងចំពោះសារព័ត៌មាន VOD Khmer ដែលបាត់បង់គុណតម្លៃជាអ្នកសារព័ត៌មានដូចពីមុន ហើយពូកែខាងញុះញុង់ ប្រឌិតរឿងអវិជ្ជមានចោទប្រកាន់ទម្លាក់កំហុសមកលើរដ្ឋាភិបាលកម្ពុជាគ្រប់រូបភាព។

ប្រតិកម្មរបស់មហាជនទៅលើសារព័ត៌មាន VOD ក្រោយសារព័ត៌មាននេះ បានចុះផ្សាយរឿងបែបញុះញង់ចោទប្រកាន់ ដែលមានចំណងជើងថា៖ “លោក ហ៊ុន សែន ចិញ្ជឹមចិត្តចងអាឃាត លោក សម រង្ស៊ី ទោះកម្ពុជាញាំញីដោយបទឧក្រិដ្ឋឆបោក”។

តាមរយៈខ្លឹមសារព័ត៌មានជាវីដេអូប្រមាណ ៦នាទី ចុះផ្សាយនៅថ្ងៃទី២៥ ខែមេសា​ឆ្នាំ២០២៤ ពលរដ្ឋអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានចូលសម្តែងមតិមិនពេញចិត្ត និងចាត់ទុកការចុះផ្សាយនេះថា​ផ្តេសផ្តាស់បញ្ចេញបញ្ជូលតាមចិត្តធ្វេីឲ្យខុសពីការពិតដែលបានកេីតឡេីង។

អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានគណនីឈ្មោះ Chhouen Bunchhon / ឈឿន ប៊ុនឈន បានលើកឡើងថា៖ “គ្រាន់តែចំណងជើងបង្ហាញឱ្យឃើញថា វីអូឌី បាត់បង់គុណតម្លៃជាអ្នកសារព័ត៌មានដូចពីមុន មិននឹកស្មានថាវីអូឌីចោលម្សៀតដល់ថ្នាក់នេះសោះ។ សម្រាប់ខ្ញុំបុគ្គលដូចជា សម រង្សុី បើនៅតែបន្តនយោបាយ អាត្មានិយមបែបនេះទៀត ធ្វើនយោបាយមួយរយលានឆ្នាំទៀតក៏វាគ្មានគំណើតដែរ គ្មានអ្នកណាគេទៅធ្វើនយោបាយដូចលោក សម រង្សុីនោះទេ។ ពីមុនមកដូចជាមិនផ្សាយអ៊ីចឹងពេកទេ! ប៉ុន្តែតាំងពីរត់ចោលស្រុក ហើយត្រូវអំណាចលុយរបស់បរទេសគ្របសង្កត ហើយលែងមានក្រមសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មានអស់ បាត់បង់តម្លៃខ្លួនឯង ព្រោះតែទឹកលុយរបស់ជនបរទេស សុខចិត្តឱនក្បាលឱ្យបរទេសប្រើតាមទំនើងចិត្ត។ ព្រោះតែលុុលែងស្គាល់ពីតម្លៃខ្លួន លែងដឹងអ្វីខុសអ្វីត្រូវ”។

គណនីហ្វេសប៊ុកម្នាក់ទៀតឈ្មោះ Nimith VinSmoke បានសរសេរថា៖ “គិតទៅ VOD Khmer នេះមួយថ្ងៃៗគ្មាន បានអ្វីមក ក្រៅតែពី តែនិយាយដើមគេ នឹង គេខុសនេះ គេខុស នោះ តែគ្រាន់តែ ជាអ្នកវិភាគ បែបឡប់ៗ នឹងលាភព៌ណដល់អ្នកដ៍ទៃ ក្រុមឯងបានតែប៉ុណ្ណឹង គ្មានបានសាងអ្វីដល់ជាតិខ្លួនសោះ បានតែបំផ្លាញជាតិឯង ឃើញបរទេសល្អជាងជាតិខ្លួន”។

Ritthy Coca វិញបានប្រតិកម្មថា៖ “បណ្ដាញសារព័ត៌មាន VOD khmer មិនដែលឃើញធ្វើរឿងឬក៏ផលិតកម្មវិធីណាដែលមានប្រយោជន៍ដល់សង្គមជាតិម្ដងណានោះទេ ក្រៅតែប្រឌិតរឿងអវិជ្ជមានចោទប្រកាន់ទម្លាក់កំហុសមកលើរដ្ឋាភិបាលកម្ពុជាគ្រប់រូបភាពទាំងអស់”។

ចំណែក ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Rathana TK បានលើកឡើងថា៖ “សារព័រមាននេះមិនពិតទេញុមមិនជឿទេចោលម្សៀតណាស់លោកអែងនេះពូកែខាងញុះញញុងប្រជាជន ចោទប្រកាន់ថ្នាក់ដឹកនាំប្រឆាំងអស់លោកមិនគួរណានេះនិយាយដោយសាធារណៈចោទប្រកាន់ទៅលើនរណាតាមតែចិត្តទាំងមិនបានដឹងអំពីបញ្ហាបែបណាឡើយ”។

ស្រដៀងគ្នានេះដែរ គណនីហ្វេសប៊ុកឈ្មោះ លីមាមា បានសរសេរថា៖ “VODkhmerនេះ មុននិងផ្សាយគួរគិតផងរឿងគ្រប់យ៉ាងគឺមកពីប្រជាពលរដ្ឋខ្វះការដឹងចំពោះការអភិវឌ្ឍន៍ប្រទេសហេីយយ៉ាងណាផងមកពីការរឹងទទឹងមិនព្រមយល់ស្របនិងធ្វេីតាមអ្វីដែរគេបានផ្ដល់ឱ្យទេីបបានជាមានរឿងបែបនេះនោះគ្រប់យ៉ាងគឹមកប្រចាពលរដ្ឋទាំងនោះនិងឯង។ចឹងហេីយមុននិងផ្សាយអ្វីមួយត្រូវយល់ឱ្យច្បាស់មិនមែនចេះតែផ្សាយនោះទេព្រោះការផ្សាយរបស់នាក់អាចធ្វេីឱ្យប្រជាពលរដ្ឋយេីងយល់ខុសចំពោះថ្នាក់ដឹកនាំ”។

ក្រៅពីសារបានដកស្រង់មកបង្ហាញខាងលើនេះ នៅមានសារជាច្រើនទៀត បានចេញមកប្រតិកម្ម និងសម្តែងការមិនពេញចិត្តជាខ្លាំងចំពោះការចុះផ្សាយរបស់សារព័ត៌មាន VOD Khmer។

គួររំលឹកថា ក្រសួងព័ត៌មាន បានលុបចោលអាជ្ញាបណ្ណវិទ្យុវីអូឌី (VOD) និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង ១០ព្រឹក​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយអង្គភាពសារព័ត៌មាននេះបានរំលោភយ៉ាងធ្ងន់ធ្ងរ លើវិជ្ជាជីវៈសារព័ត៌មាន ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមធ្វើការកែសម្រួល តាមបទប្បញតិ្តច្បាប់ស្តីពីរបបសារព័ត៌មាន។ នៅប៉ុន្មានខែក្រោយមក សារព័ត៌មាន​VOD ប្រកាសបើកដំណើរការផ្សាយព័ត៌មានឡើងវិញពីរដ្ឋវ៉ាស៊ីនតោន ភាគខាងលិចសហរដ្ឋអាមេរិក តាមបណ្តាញសង្គមហ្វេសប៊ុក យូធូប​ (YouTube) និងTik Tok ចាប់ពីខែតុលា ឆ្នាំ២០២៣៕

អត្ថបទ៖ អក្ខរា