សៀវភៅ «កូនប្រុសច្បងដ៏មានឥទ្ធិពល» និងសៀវភៅ «កម្ពុជាសម័យតេជោ» ត្រូវបានប្រគល់ជូនតាមបណ្តាផ្នែកចំណុះនៃយុវជនគណបក្សប្រជាជនកម្ពុជា

ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានលេខាធិការដ្ឋាន នៃយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់~ទទួលសៀវភៅ «កូនប្រុសច្បងដ៏មានឥទ្ធិពល» និងសៀវភៅ «កម្ពុជាសម័យតេជោ» នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ជូនតាមបណ្តាផ្នែកចំណុះ នៃយុវជនគណបក្សថ្នាក់កណ្តាល ក្រុមការងារយុវជនគណបក្សក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងក្រុមការងារចំពោះកិច្ច ទទួលការងារបដិសណ្ឋារកិច្ច នៃយុវជនគណបក្សថ្នាក់កណ្តាល សរុបចំនួន ៩១០ក្បាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា និងជំនួូយការបណ្តាផ្នែកចំណុះ នៃយុវជនគណបក្សថ្នាក់កណ្តាល ក្រុមការងារយុវជនគណបក្សក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងក្រុមការងារចំពោះកិច្ច ទទួលការងារបដិសណ្ឋារកិច្ច នៃយុវជនគណបក្សថ្នាក់កណ្តាលសរុបចំនួន ៧៥នាក់ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (វិមាន ៧មករា)។

សៀវភៅ «កូនប្រុសច្បងដ៏មានឥទ្ធិពល» រៀបរៀងដោយឯកឧត្តម ពៅ សុខ សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ សៀវភៅនេះមានកម្រាស់៣៩០ទំព័រ និងឧបត្ថម្ភបោះពុម្ពផ្សាយដោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និយាយរៀបពីដំណើរជីវិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត តាំងពី​ថ្ងៃចាប់កំណើត និងកុមារភាព រហូតដល់លោកចូលប្រឡូកក្នុងសមរភូមិនយោបាយ និងសង្រ្គាមបង្ខូចកិត្តិយស ដ៏ក្តៅគគុករបស់ក្រុមអ្នកប្រឆាំង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកឈ្នះលើសមរភូមិ នៃព្យុះនយោបាយ សង្រ្គាម​លាប​ពណ៌ និងបង្ខូចកេរ្ត៍ឈ្មោះទាំងនៅតំបន់អឺរ៉ុប សហរដ្ឋអាមេរិក ហើយធ្វើបក្សប្រឆាំងក្រៅប្រទេសចុះខ្សោយ និងសាបរលាបទៀតផង។

ក្រៅពីការបង្ហាញពីចំណេះដឹង ទេពកោសល្យនៃការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត សៀវភៅនេះក៏មានរៀបរាប់អំពីសកម្មភាពការងារដ៏មមាញឹក សឹងតែគ្មានពេលសម្រាករបស់សម្តេចធិបតី ជាពិសេស​សេសសកម្មភាពដ៏លេចធ្លោរនានា។

ចំណែក សៀវភៅ «កម្ពុជាសម័យតេជោ» ក៏ត្រូវបានរៀបរៀងដោយឯកឧត្តម ពៅ សុខ ផងដែរ ដែលមានកម្រាស់ជិត ៧០០ទំព័រ។ សៀវភៅ «កម្ពុជាសម័យតេជោ» ពុំជាកម្រងឯកសារ​ដែលឯកឧត្តមចងក្រងរៀបរាប់ពី​សមិទ្ធផលដ៏ធំធេងមហាសាលនានា​ក្រោមម្លប់សន្តិភាព​នៃសម្តេចតេជោ បិតាសន្តិភាពរបស់កម្ពុជា ដែលព្យាយាមធ្វើឱ្យមានឡើងវិញពីកម្ពុជាគ្មានអ្វីសោះ ឬអាចហៅថា កម្ពុជា នៃការកើតឡើងវិញពីគំនរផេះផង់ពីចំណុចសូន្យរហូតមានអ្វីៗ​គ្រប់យ៉ាង រាប់ចាប់ពីសេរីភាពនៃជំនឿសាសនា ការជ្រើស​រើសគូស្រករ ការនិយាយស្តី ឬហៅថា សេរីភាពនៃការបញ្ចេញមតិ និងលទ្ធិប្រជាធិបតេយ្យ​ដូចបណ្តាប្រទេសនានានៅលើលោកដែរ៕

អត្ថបទ៖ អក្ខរា