ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស បានសម្តែងការគាំទ្រ មានក្តីរំភើបរីករាយ និងមានមោទនភាពយ៉ាងខ្លាំងដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត មានគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ។ ប៉ុន្តែ ខុសគេតែទណ្ឌិតក្បត់ជាតិ សម រង្ស៊ី បែរជាមិនត្រឹមតែមិនគាំទ្រទេ ថែមទាំងនិយាយបំផ្លើសបំភ្លៃ ញុះញង់ បំប៉ោងព័ត៌មានផ្តេសផ្តាសក្នុងគោលបំណងរារាំងកុំឱ្យមានការសាងសង់ព្រែកជីកដែលជាប្រវត្តិសាស្រ្តថ្មីរបស់កម្ពុជានេះទៅវិញ។
នេះ គឺជាលើកទី១ហើយដែលមានជនជាប់ឈាមជ័រជាខ្មែរបែរជាប្រឆាំងនឹងការសាងសង់ព្រែកជីកហ្វូណនតេជោដែលផ្តល់ផលប្រយោជន៍យ៉ាងមហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា។ តាមរយៈទំព័រហ្វេសប៊ុក ទណ្ឌិត សម រង្ស៊ី បានអះអាងថា ការសាងសង់ព្រែកជីកនេះ នឹងប៉ះពាល់ដល់បរិស្ថាន និងថា ព្រែកជីកនេះ មិនមែនបម្រើផលប្រយោជន៍សេដ្ឋកិច្ចប្រទេសកម្ពុជាទេ តែបម្រើផលប្រយោជន៍យុទ្ធសាស្ត្ររបស់ចិនកុម្មុយនីស្ត។ ពាក្យសម្តីបែបនេះ គេឃើញតែខាងភាគីវៀតណាម និងអាមេរិកទេ ដែលលើកឡើងជាបន្តបន្ទាប់កាលពីពេលថ្មីៗនេះ ដើម្បីទប់ស្កាត់កុំឱ្យកម្ពុជាសាងសង់បានសម្រេចនូវព្រែកជីកហ្វូណនតេជោ។
បើសាសន៍ដទៃដូចជាវៀតណាម និងអាមេរិក រិះគន់ និងវាយប្រហារមកលើគម្រោងសាងសង់ព្រែកជីកនេះ វា គឺជារឿងធម្មតា ព្រោះដើម្បីផលប្រយោជន៍ជាតិសាសន៍របស់គេ។ ចុះចំណែកលោក សម រង្ស៊ី វិញជាជាតិសាសន៍ខ្មែរសោះ តែបែរជាលើកឡើងដូចសាសន៍ដទៃដែរ តើក្នុងបំណងបែបណា? ក្នុងនាមខ្មែរ ជាអ្នកនយោបាយខ្មែរ តើសមទេដែលទណ្ឌិត សម រង្ស៊ី ធ្វើបែបនេះ? តើទណ្ឌិតរូបនេះ សមនឹងទទួលបានអត់អោនឱ្យទេ?
ច្បាស់ណាស់ គោលបំណងរបស់ទណ្ឌិតរូបនេះ គឺធ្វើយ៉ាងណាកុំឱ្យកម្ពុជាមានសមិទ្ធផលជាតិថ្មីដែលជាស្នាដៃរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ទណ្ឌិតរូបនេះ មានគោលបំណងសំខាន់បំផុត គឺប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជា ប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងនឹងសម្តេចតេជោ ហ៊ុន សែន ប្រឆាំងនឹងសម្តេចធិបតី ហ៊ុន ម៉ាណែត។ ដូច្នេះ រាល់សមិទ្ធផលជាតិណាដែលកើតចេញពីរាជរដ្ឋាភិបាលកម្ពុជា គឺទណិតរូបនេះចេញមុខប្រឆាំងជានិច្ច។ នេះ គឺសមណាស់ដែលត្រូវបានប្រជាពលរដ្ឋខ្មែរហៅថា ជាជនក្បត់ជាតិ ហើយមិនត្រឹមតែក្បត់ជាតិទេ ថែមទាំងជាអ្នកនយោបាយចោលម្សៀត អាក្រក់ជូរជាតិថែមទៀតផង។
ក្បាលកញ្ចាស់ហើយ ល្មមចេះគិតខ្លះហើយ កុំនៅល្ងិតល្ងង់ ភ្លីភ្លើ ល្ងេល្ងើតទៅទៀតអី ត្រូវចែកឱ្យច្បាស់ផង រឿងណាជារឿងនយោបាយ ហើយរឿងណាជារឿងផលប្រយោជន៍ជាតិទាំងមូលនោះ។ មកពីធ្វើនយោបាយភ្លីភ្លើ ល្ងេល្ងើបែបនេះហើយ ទើបបានជាកូនចៅ និងមនុស្សជំនិតៗ រត់ចោលជាបន្តបន្ទាប់ នៅមិនទាន់ដឹងខ្លួនទៀត!៕
ដោយ៖ជម្ពូនុទ