សម្តេចធិបតី៖ សិល្បករម្នាក់ៗ ជាឯកអគ្គរាជទូតតំណាងវប្បធម៌ នៅលើឆាកជាតិ និងអន្តរជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា សិល្បករមួយរូបៗ សុទ្ធតែអាចជាឯកអគ្គរាជទូត តំណាងវប្បធម៌នៅលើឆាកជាតិ និងអន្តរជាតិ និងអាចឆក់យកឱកាសទាំងអស់នេះបំផុសឱ្យកាន់តែខ្ពស់ឡើងនូវអត្តសញ្ញាណជាតិ ភាពរុងរឿងសាជាថ្មី និងក្តីស្រឡាញ់ការពារវប្បធម៌ជាតិឱ្យកាន់តែខ្លាំងក្លាឡើង។

ការលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដូចនេះ បានធ្វើឡើងនៅក្នុងពិធីពិសាអាហារសាមគ្គី និងផ្តល់គ្រឿង​ឥស្សរិ​យយសរុបចំនួន ២.១៣៣ គ្រឿងជូនដល់មរតកមនុស្សរស់ ព្រឹទ្ធាចារ្យសិល្បៈ វីរៈសិល្បករ សិល្បករ សិល្បការិនីគ្រប់ទម្រង់ ដែល បានចូលរួមចំណែកក្នុងវិស័យវប្បធម៌ និងវិចិត្រសិល្បៈ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ស្របពេលដែលការទទួលស្គាល់ថា ក្នុងសាកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន តួនាទីរបស់សិល្បករ សិល្បការនីខ្មែរ កាន់តែមានសារៈសំខាន់ខ្លាំងក្លា។ តាមរយៈស្នា​ដៃ និងទេពកោសល្យរបស់សិល្បករ សិល្បការិនីខ្មែរ បានក្លាយជាស្ពាននាំកម្ពុជាទៅកាន់ពិភពលោក ដោយរួមទាំងការចែករំលែកបទពិសោធន៍ និងចំណេះដឹង នៃប្រវត្តិសាស្ត្រជាតិកម្ពុជា ទាំងការតស៊ូ ទាំងការឈឺចាប់ ហើយក៏ជាកាតាលីករនៃការជំរុញការផ្លាស់ប្តូរវប្បធម៌ និងការគោរពគ្នាទៅវិញទៅមក។

ជាមួយគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងជាប់ជាប្រចាំរបស់ថ្នាក់ ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាពិសេស ក្នុងតួនាទីជាអាណាព្យាបាល និងតួនាទីជាអ្នកសម្របសម្រួលដ៏ល្អជាមួយ សិល្បករ សិល្បការិនីគ្រប់ទម្រង់ ព្រមទាំងអរគុណ ដល់គ្រប់តួអង្គនៃ វិស័យសិល្បៈទាំងអស់ ដែលបានចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការការពារថែរក្សាកេរ ដំណែលដូនតា និងការចូលរួមពង្រឹងអត្តសញ្ញាណជាតិ និងប្រជាជន ជាពិសេសចំពោះការលះបង់ទាំងកម្លាំង កាយចិត្ត ដើម្បីចូលរួមគាំទ្រ និងផ្ទេរចំណេះដឹង និងបទពិសោធន៍ដល់យុវជនបន្តវេន ៕