ភ្ញៀវទេសចរចម្រុះជាតិសាសន៍ ៣៦០នាក់ បានធ្វើដំណើរតាមនាវាទេសចរណ៍បរទេស១គ្រឿង ចូលចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈ ពេលមួយថ្ងៃ តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ ។
មន្ត្រីនគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ នាវាទេសចរណ៍បរទេសចំនួន ០១គ្រឿង មានឈ្មោះ Sea bourn Sojourn មានសញ្ជាតិ Bahamas មានបណ្តោយ ១៩៨.២០ម៉ែត្រ ទទឹង ២៦ម៉ែត្រ ជម្រៅទឹក ៦,៧០ម៉ែត្រ បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ ៣៦០នាក់ ស្រី ១៨៣នាក់ ស្មើនឹង ២៧សញ្ជាតិ និងមាននាវិកសរុបចំនួន ៣៥៣នាក់ ស្រី ៨៩នាក់ ស្មើនឹង ៤០សញ្ជាតិ ។
នាវាទេសចរណ៍ Sea bourn Sojourn បានធ្វើដំណើរចាកចេញពីប្រទេសវៀតណាម ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង៦ និង ២០នាទី ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នាវានេះមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង២០ ថ្ងៃទី២៥ ខែមេសា ២០២៤ ឆ្ពោះទៅកាន់កំពង់ផែប្រទេសថៃ ។
ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវាទេសចរណ៍បរទេស Sea bourn Sojourn ដែលមានសញ្ជាតិច្រើនជាងគេមានដូចជា USA ១៨៨នាក់, British ៣៤នាក់, ក្រៅពីនោះមានភ្ញៀវសញ្ជាតិផ្សេងទៀត ។ ភ្ញៀវទេសចរចូលក្នុងប្រទេសកម្ពុជា ចេញទៅទស្សនាប្រាសាទអង្គរ ខេត្តសៀមរាបមានចំនួន ១នាក់ ស្រី ស្មើនឹង ១សញ្ជាតិ និងភ្ញៀវចាកចេញពីកម្ពុជា តាមនាវាទេសចរណ៍នេះមានចំនួន ៣៨នាក់ ស្រី ២០នាក់ ស្មើនឹង ៤សញ្ជាតិ ។
ភ្ញៀវទេសចរបានធ្វើដំណើរកម្សាន្តនៅក្នុងខេត្តព្រះសីហនុ មានដូចជា ផ្សារលើ, តំបន់រមណីយ ដ្ឋានវប្បធម៌ មានដូចជា វត្តឥន្ទញ្ញាណ, វត្តជោតញ្ញាណ,តំបន់នេសាទភូមិទំនប់រលក (ភូមិ៣), និងតំបន់ឆ្នេរសមុទ្រក្នុងក្រុងព្រះសីហនុ ។ ស្រុកព្រៃនប់មាន ដូចជា រូបសំណាកព្រះថោងនាងនាគ, គម្រោងអភិវឌ្ឍន៍ទេសចរណ៍ Bay Of Lights ស្ថិតនៅភូមិអុង ឃុំរាម, និងមជ្ឈមណ្ឌលវិបស្សនាធុរ: គិរីនាគវ័ន ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហ នុ។ ទន្ទឹមនោះ ក៏មានកិច្ចការពារសន្តិសុខ សុវត្ថិភាព ពីកងកម្លាំងមានសមត្ថកិច្ច ព្រមទាំងមានការសម្របសម្រួលពីអាជ្ញាធរក្រុង អាជ្ញាធរខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាពផងដែរ៕