តុលាការខេត្តកំពត សម្រេចបង្កកប្រាក់ក្នុងធនាគារជិត ១០០គណនី និងបង្កកទ្រព្យសម្បត្តិជិត ២០០០ក្បាលដី របស់ក្រុមហ៊ុន ជា សារ៉ន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ សាលាដំបូងខេត្តកំពត នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។
សេចក្តីប្រកាសព័ត៌មានស្តីពីវឌ្ឍនភាពចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក បានបញ្ជាក់ថា សាលាដំបូងខេត្តកំពតបានសម្រេចបង្កកគណនីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៩៥គណនី និងសម្រេចបង្កកអចលនវត្ថុ (ដី) ចំនួន ១,៧៩១ក្បាលដី, បានស្ដាប់ចម្លើយដើមបណ្តឹងរដ្ឋប្បវេណី ចំនួន ៥,៦៨០នាក់ និងសាក្សីជាអាជ្ញាធរចំនួន ២៤៩នាក់, បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន ១០នាក់, បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទចំនួន ៩នាក់ ប៉ុន្តែ មកដល់ពេលនេះមិនទាន់ចាប់ខ្លួនបាននៅឡើយទេ និងបានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទចំនួន ៤០នាក់ និងបានចេញដីកាបង្គាប់ឱ្យចូលខ្លួនលើជនត្រូវចោទចំនួន ១០នាក់ ដោយកំណត់ឱ្យចូលខ្លួនគិតចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ព្រទាំមបានចេញដីកាចាត់ឱ្យស៊ើបសួរជំនួស ដោយបង្គាប់ស្រាវជ្រាវរកអត្តសញ្ញាណរបស់ជនពាក់ព័ន្ធផ្សេងទៀត និងទ្រព្យសម្បត្តិរបស់ជនត្រូវចោទដើម្បីចាត់ការតាមនីតិវិធីច្បាប់។
អ្នកនាំពាក្យសាលាដំបូងខេត្តកំពត បញ្ជាក់ថា សាលាដំបូងខេត្តកំពត កំពុងចាត់ការហើយនឹងបន្តចាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក របស់ជនត្រូវចោទឈ្មោះ ជា សារិន ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុតដោយភាពត្រឹមត្រូវ ច្បាស់លាស់ តម្លាភាព និងយុត្តិធម៌ដោយអនុវត្តតាមច្បាប់ និងនីតិវិធីជាធរមាន។
លទ្ធផលនៃកិច្ចស៊ើបសួរកន្លងមក ចៅក្រមស៊ើបសួរ ជាមួយនឹងក្រឡាបញ្ជី បានទៅស្តាប់ចម្លើយ និងធ្វើកំណត់ហេតុស្ដីពីការតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីចំពោះមុខចៅក្រមស៊ើបសួរលើជនរងគ្រោះទាំង ៩ក្រុង-ស្រុកនៃខេត្តកំពត ដល់មូលដ្ឋាន និងការស្តាប់ចម្លើយរបស់ជនរងគ្រោះដែលនៅក្រៅខេត្តកំពត (សរុបចំនួន ៥,៦៨០នាក់រួចរាល់) និងសាកសួរសាក្សីជាអាជ្ញាធរ (សរុបចំនួន ២៤៩នាក់រួចរាល់) ដែលជាហេតុផលនាំឱ្យត្រូវការពេលវេលាសមរម្យក្នុងការស៊ើបសួរ។ ដោយសារតែសំណុំរឿងនេះមានភាពស្មុគស្មាញ មានជនជាប់ទាក់ទិន និងមានជនរងគ្រោះច្រើននាក់ ហេតុនេះតុលាការត្រូវធ្វើការស៊ើបសួរទៅលើបុគ្គលដែលមានការពាក់ព័ន្ធ ហើយនឹងកំពុងតែបន្តចំណាត់ការលើអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីស្វែងរកការពិត ដោះស្រាយជូនជនរងគ្រោះ ដើមបណ្តឹងរដ្ឋប្បវេណី ទាំងអស់តាមនីតិវិធីច្បាប់៕