សម្តេចតេជោ ហ៊ុន សែន នឹងធ្វើជាគ្រូបង្វឹកកិត្តិយសដឹកនាំការប្រកួតក្រុមបាល់ទាត់តារាកម្ពុជា ដើម្បីសប្បុរសធម៌នៅថ្ងៃទី១ឧសភា

សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញដឹកនាំការប្រកួតដោយ​ផ្ទាល់ ចំពោះការប្រកួតរបស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤​ខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះលើហ្វេសប៊ុកឲ្យដឹងថា “ដោយទទួលបាននូវការអញ្ជើញឲ្យធ្វើជាគ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារាកម្ពុជា(Cambodia football super stars)ដែលមានអ្នកចម្រៀងខេមជាប្រធានក្រុម។ ព្រឹកនេះខ្ញុំបានជួបសំណេះសំណាលជាមួយគ្រូបង្វឹកនិងកីឡាករទាំងអស់ដើម្បីរៀបចំផែនការសម្រាប់សកម្មភាពមនុស្សធម៍រយៈពេលខ្លី មធ្យមនិងរយៈពេលវែងរបស់ក្រុមបាល់ទាត់មួយនេះ។ អ្វីដែលជាកិច្ចការបន្ទាន់គឺការរៀបចំការប្រកួតល្ងាចថ្ងៃ១ឧសភា២០២៤ ខាងមុខនៅពហុកីឡដ្ឋានអូឡាំពិកក្រោមមូលបទ (រួមគ្នាដើម្បីសប្បុរសធម៍និងប្រយុទ្ធប្រឆាំងគ្រឿងញៀន)និងដើម្បីប្រម៉ូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា”។

សម្តេចតេជោបានបន្តថា សម្តេចនឹងចូលរួមដឹកនាំការប្រកួតជាមួយគ្រូបង្វឹកផ្លូវការនៅស្តាតអូឡាំពិកនាល្ងាចថ្ងៃ១ឧសភា២០២៤ដោយចាប់ផ្តើមនូវទម្រង់លេងរបស់
សម្តេចគឺ3.4.3។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់សាធារណជនសូមចូលរួមទស្សនាឲ្យបានច្រើនកុះករដើម្បីជំរុញចលនាមនុស្សធម៍និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអំពាវនាវសប្បុរសជនចូលរួមជួយ ថវិកាសម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងត្រូវការសម្រាប់ព្យាបាលដល់កុមារកម្ពុជា។ បើតាមសម្តេចតេជោ, សម្រាប់សម្តេចនិងភរិយានឹងចូលរួមចំនួន២០០លានរៀល។ ក្នុងករណីបងប្អូនចង់ចូលរួមតាមរយៈសម្តេចសូមទាក់ទងទៅលោកសៀង ទៀង ដែលមានលេខទូរសព្វ័០១២ ៩៦១៩៧១៕