រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ អនុម័តផ្តល់សុពលភាពដល់ ឯកឧត្តម ចាប ម៉ុច និងឯកឧត្តម ទេព សុធី ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួសសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ប្រាក់ សុខុន ដែលទៅកាន់តំណែងនៅព្រឹទ្ធសភា។
ការប្រកាសផ្តល់សុពលភាពនេះ បានធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ដោយមានវត្តមានសមាជិក សមាជិការដ្ឋសភា ពេលផ្ដើមសម័យប្រជុំចំនួន ១០១រូប។
សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នាថ្ងៃនេះ មានរបៀបវារៈតែមួយគត់ គឺការសម្រេច អំពីសុពលភាពនអាណត្តិរបស់បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៧ចំនួន២រូបដែលមានរាយនាមដូចតទៅ៖ ឯកឧត្តម ចាប ម៉ុច ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល ជំនួសសម្តេចតេជោ ហ៊ុន សែន ដែលបានសុំលាលែង។ ឯកឧត្តម ទេព សុធី ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល ជំនួស ឯកឧត្តម ប្រាក់ សុខុន ដែលបានសុំលាលែង។
បន្ទាប់មកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧បានដំណើរការតាមរបៀបវារៈដែលមានលទ្ធផល៖ ១. អង្គសភាបានអនុម័តយល់ព្រមលើរបៀបវារៈដោយសំឡេង ១០២សំឡេង។ ២.ការសម្រេចសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រនីតិកាលទី៧ ចំនួន ២រូប សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអាននូវសេចក្តីប្រកាសរបស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់សុពលភាពនៃអាណត្តិរបស់ ឯកឧត្តម ចាប ម៉ុច ជាតំណាងរាស្ត្រ មណ្ឌលខេត្តកណ្តាល ជំនួសសម្តេចតេជោ ហ៊ុន សែន ដែលបានសុំលាលែង និងឯកឧត្តម ទេព សុធីរ ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួស ឯកឧត្តម ប្រាក់ សុខុន ដែលបានសុំលាលែង៕