សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី២៤ ខែមេសានេះ បានបញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់សម្តេច ដោយបានបដិសេធនៅការលើកឡើងរបស់លោក សាពូន មីដាដា អតីតតារាចម្រៀងដែលបានបង្ហោះសាររឿងលុយជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតកន្លងមក។
សំណេររបស់សម្តេចតេជោ នៅលើហ្វេសប៊ុកមានខ្លឹមសារទាំងស្រុងថា៖ “លោកសាពូនមីដាដាបានបង្ហោះសារដោយនិយាយថាខ្ញុំនិងភរិយាបានជួយគាត់ចំនួន6,7លានដុល្លារ ព្រមទាំងផ្ទះ និងឡាន។ ច្រើនណាស់កូនបើកូនទទួលបានមែនតើកូនយកទៅណា?។ តើកូនឆ្កួតឬក៏ឡប់ឬចង់អួតទៅអ្នកដ៏ទៃ? ជាង១០ឆ្នាំមុនពុកម៉ែបានហៅកូនទាំងពីរនិងចៅទៅលេងផ្ទះវិមានឯករាជ្យនិងបានផ្តល់ប្រាក់ ៣០មុឺនដុល្លារសម្រាប់ពួកកូនទិញផ្ទះនៅ។ ក្រោយមកដោយឃើញថាមារយាទកូនទាំងពីរមិនកើតពុកម៉ែបដិសេធមិនជួយកូនទៀតទេទោះកូនបានសុំមកទៀតដើម្បីបង់រំលោះផ្ទះដែលកូនប្រាប់ថាទិញផ្ទះចំនួន៤ដែលគ្មានលុយបង់រំលោះឲ្យគេ។ កូនប្រុសពុកម៉ែមានចិត្តចង់ជួយកូនតែកូនមិនត្រឹមតែបំផ្លាញខ្លួនឯងទេ តែកូនចង់បំផ្លាញដល់ពុកម៉ែតាមរយ:ការបង្ហោះសារបែបនេះទៅវិញ។ លុយជិត ៧លានដុល្លារវាច្រើនណាស់ដែលពុកគ្មានលទ្ធភាពផ្តល់ឲ្យកូននោះឡើយ”។
សូមបញ្ជាក់ថា អតីតតារាចម្រៀង លោក សាពូន មីដាដា នៅថ្ងៃទី២៤ ខែមេសានេះ បានបង្ហោះសារនៅលើហ្វេសប៊ុករបស់ខ្លួនដោយរៀបរាប់ថា លោកបានទទួលលុយជំនួយជិត ៧លានដុល្លារ ព្រមទាំងផ្ទះ និងឡាន ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕