សកម្មជនដីធ្លីបឹងកក់ យាយង៉ែតឃុនហៅយាយម៉ាមី ដែលគេស្គាល់ថាជាស្ត្រី តែងតែតវ៉ារឿងវិវាទដីធ្លីនៅបឹងកក់កាលពីជាង១០ឆ្នាំមុន លេចមុខជាថ្មីក្នុងហ្វូងបាតុកម្មគណបក្សកម្លាំងជាតិ នាពេលថ្មីៗនេះ។ យាយ ម៉ាមមី ទើបត្រូវបានតុលាការកំពូលសម្រេចឲ្យរួចផុតពីបទចោទប្រកាន់ កាលពីខែកុម្ភៈកន្លងទៅ។
យាយង៉ែតឃុន ត្រូវបានស្គាល់ថា ជាតួអង្គសម្តែងសំខាន់ក្នុងបាតុកម្មតវ៉ាដោយផ្លាស់ប្តូរប្រធានបទថ្មីៗជានិច្ច។ ការស្រែកជេររាជរដ្ឋាភិបាល និងសមត្ថកិច្ច លើកបដា រុញច្រានសមត្ថកិច្ច ធ្វើកាយវិការច្រងេងច្រងាងទ្រហោយំ ផ្តួលខ្លួនដួលសន្លប់ ឬស្រែកទាមទារយុត្តិធម៌ជាដើម ជាជំនាញដែលក្រុមបាតុករអាជីពចាស់វស្សានេះ ទទួលការបណ្តុះបណ្តាលពីអង្គការក្រៅរដ្ឋាភិបាលបរទេសមួយចំនួន។
គួរឲ្យដឹងថា យាយង៉ែតឃុន អាយុ៨៣ឆ្នាំ ត្រូវបានតុលាការកំពូលភ្នំពេញសម្រេចឲ្យរួចពីបទចោទប្រកាន់ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។ យាយម៉ាមី រួមនឹងស្ត្រីបឹងកក់អ្នកស្រីឆេងលាភអាយុ ៥៨ឆ្នាំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ផ្តន្ទាទោសពីបទគំរាមកំហែងថា នឹងសម្លាប់នៅក្នុងខែមីនា ឆ្នាំ២០១២ ទៅលើភាគីម្ខាងទៀតដែលជាសកម្មជនដូចគ្នា៕
អត្ថបទ៖ អក្ខរា