លោក ស សុខា ដឹកនាំគណៈប្រតិភូកម្ពុជាដើរថ្មើរជើងទស្សនកិច្ចវិមានសភាសហព័ន្ធស្វីស និងទីក្រុងបុរាណ Bern

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទស្សនកិច្ចវិមានសភាសហព័ន្ធ ដែលជានិម្មិតរូបស្នូល នៃលទ្ធិប្រជាធិបតេយ្យរបស់សហព័ន្ធស្វីស នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ត្រូវនឹងពេលយប់នៅប្រទេសកម្ពុជា។

បន្ទាប់មកលោកបានបន្តដឹកនាំគណៈប្រតិភូ ទស្សនាដោយថ្មើរជើងនៅតាមដងផ្លូវ នៃតំបន់ទីក្រុងបុរាណមួយ ក្នុងទីក្រុង Bern។ ទីក្រុងបុរាណនេះ ត្រូវបានបង្កើតឡើងនាអំឡុងយុគសម័យកណ្ដាល (Middle Age) និងនៅតែរក្សាបានរចនាបទនៃសំណង់ និងហេដ្ឋារចនាសម្ព័ន្ធបែបបុរាណរហូតមកដល់សព្វថ្ងៃ។

ក្រោយពីបានទស្សនាទីក្រុងបុរាណ លោកនិងប្រតិភូ ក៏បានបន្តដំណើរទៅកាន់វិមាន Erlacherhof ដែលនៅទីនោះ មានអភិបាលក្រុង Bern រង់ចាំទទួលស្វាគមន៍ប្រកបដោយក្ដីរាក់ទាក់បំផុត។ ភាគីទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាអំពីការរៀបចំទីក្រុង Bern និងបញ្ហាប្រឈម។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ច នាពេលនេះ ក្នុងបំណងដកស្រង់បទពិសោធន៍បន្ថែមលើប្រព័ន្ធគ្រប់គ្រង និងការអនុវត្តល្អៗពីប្រទេសស្វីស និងពីប្រទេសអាល្លឺម៉ង់ ដើម្បីបន្តជំរុញដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាននៅកម្ពុជា លោក ស សុខា ព្រមទាំងគណៈប្រតិភូ នឹងបន្តដំណើរទស្សនកិច្ចរហូតដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤៕