ជាដំណោះស្រាយបន្ទាន់ អាជ្ញាធររួមជាមួយស្ថានីយផលិតទឹកស្អាតបត់រកាបានយកទឹកពីស្រះឯកជនមួយកន្លែងនៅក្បែរស្ថានីយ ដើម្បីយកទឹកទៅផ្គត់ផ្គង់ដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ហើយក្នុងពេលជាមួយគ្នានេះ គ្រឿងចក្រក៏បានបញ្ជូនទៅដល់ទីតាំងស្តារផ្ទៃអាងផងដែរ។
ដំណោះស្រាយភ្លាមៗនេះធ្វើឡើងនៅរសៀលថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤ដែលលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យដោយផ្ទាល់ស្ថានភាពអាងទឹកបត់រកា និងទីតាំងដែលត្រូវស្តារជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាប្រឈមខ្វះទឹកធ្ងន់ធ្ងរនៅបណ្តាឆ្នាំខាងមុខ។
សូមជម្រាបថា អាងទឹកបត់រកា ស្ថិតនៅក្នុងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មានទំនប់ប្រវែង ៨៤៣ម៉ែត្រ សំណង់ទ្វារទឹកចំនួន ២កន្លែង ដែលមានប្រភពទឹកមកពីទន្លេបាសាក់ និងទឹកភ្លៀង មានផ្ទៃអាងទំហំ ១៨៦ហិកតា អាចស្តុកទឹកបាន ៣ ៤០០ ០០០ ម៉ែត្រគូប មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ២៦៨ហិកតា និងស្រោចស្រពផ្ទៃដីស្រូវប្រាំងចំនួន ២៣៨ហិកតា។
លោក ថោ ជេដ្ឋា បានឲ្យដឹងថា តាមការពិនិត្យជាក់ស្តែងលើការប្រើប្រាស់ទឹកអាងកន្លងមកទឹកសម្រាប់ស្រោចស្រពស្រូវរដូវវស្សា និងស្រូវរដូវប្រាំងមិនមានការខ្វះខាតនោះទេ គឺមានការខ្វះខាតទឹកសម្រាប់តែផលិតទឹកស្អាតផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ នៅចន្លោះខែមីនា ដល់ខែមិថុនា ដោយសារអាងគោករាក់ និងតម្រូវការទឹកប្រើប្រាស់មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
លោកបន្តថា ចាប់តាំងពីឆ្នាំ២០១២ មកដល់បច្ចុប្បន្ន ស្ថានីយផលិតទឹកស្អាតបត់រកា បានបូមទឹកអាងបត់រកាក្នុង១ថ្ងៃប្រមាណ ៤០០០ម៉ែត្រគូប ដើម្បីផលិតទឹកស្អាតផ្គត់ផ្គង់ជូនប្រជាពលរដ្ឋចំនួន ៦៩៣៩គ្រួសារ ដែលកំពុងរស់នៅតាមភូមិចំនួន៥៧ នៃឃុំចំនួន៥ ក្នុងស្រុកសំរោង ខេត្តតាកែវ។
ជាមួយគ្នានេះលោករដ្ឋមន្ត្រីបានឯកភាពលើការស្នើសុំរបស់តំណាងស្ថានីយផលិតទឹកស្អាត ក្នុងការស្តារអាងទឹកបត់រកាចំនួន៥ហិកតា ដើម្បីរក្សាទឹកសម្រាប់ផលិតទឹកស្អាតផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅរដូវប្រាំង។ ទន្ទឹមនឹងនោះ លោកបញ្ជាក់ថា ស្ថានីយផលិតទឹកស្អាតបត់រកាត្រូវទទួលបន្ទុកស្តារអាងទឹកបត់រកា គិតចាប់ពីពេលនេះក្នុងទំហំ៥ហិកតារយៈពេល២ឆ្នាំ ហើយមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ និងក្រុមការងារក្រសួងមានតួនាទីត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៃការស្តារឱ្យបានត្រឹមត្រូវតាមបទដ្ឋានដែលមានស្រាប់ ដើម្បីជៀសវាងការអនុវត្តខុសពីបច្ចេកទេស៕