ព្រឹកថ្ងៃទី២២ ខែមេសាម្សិលមិញនេះ លោក ឯក សំអុល សមាជិកគណៈអចិន្រ្តៃយ៍ ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាល ចូលរួមពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ជំនាន់ទី៩ នៅវិមាន ៧មករា។
លោក ឯក សំអុល បានគូសបញ្ជាក់ថា ការអប់រំនយោបាយដល់មន្រ្តីគណបក្សគ្រប់ថ្នាក់ គឺជាគោលការណ៍ដ៏សំខាន់មួយមិនអាចខ្វះបានដែលគណបក្សយើងបានអនុវត្តតាំងពីដើមរៀងមក សំដៅបណ្តុះបណ្តាលបំពាក់បំប៉នលើកកម្ពស់ធនធានមនុស្សរបស់គណបក្សដោយមានរូបភាពនានា និងខ្លឹមសារស្របទៅតាមលក្ខណៈពិសេស និងសំណូមពរនៃដំណាក់កាលនីមួយៗ ។
ក្នុងនាមគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល លោកបាននាំមកនូវការផ្តាំសួរសុខទុក្ខ និងជូនពរពីសំណាក់សម្តេចប្រធានគណបក្ស សម្តេចប្រធានកិត្តិយសគណបក្ស សម្តេចអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សទាំងអស់ ជូនចំពោះសិក្ខាកាម ក៏ដូចមន្រ្តីបម្រើការងារទាំងអស់ ប្រកប ដោយក្តីនឹករឭក និងស្រឡាញ់ដ៏ជ្រាលជ្រៅ៕