ជាសារគាំទ្រ និងលើកទឹកចិត្តជូនចំពោះប្រជាពលរដ្ឋ ប្រជាសហគមន៍ ក្រសួង/មន្ទីរពាក់ព័ន្ធ អ្នកច្បាប់ អាជ្ញាធរមូលដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានសហការគ្នាយ៉ាងសកម្មក្នុងការធ្វើឱ្យសម្រេចបាននូវបេសកកម្មដ៏ចម្បងក្នុងការបង្រ្កាបបទល្មើសធនធានធម្មជាតិទូទាំងប្រទេស ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា សូមកុំអស់សង្ឃឹមចំពោះកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា បើទោះថាមានការបំភាន់ ឬការផ្សព្វផ្សាយមិនល្អពីកម្ពុជា ចំពោះការបាត់បង់ព្រៃឈើនេះក្តី ក៏សកម្មភាពដ៏ស្រស់ស្អាតចេញពីបេះដូងខ្មែរ និងប្រកបដោយភាពបៃតងពីក្នុងចំណោមយុវជន និងប្រជាពលរដ្ឋអ្នកស្រឡាញ់ព្រៃឈើ នៅតែចែងចាំង និងជះពន្លឺបៃតងជានិច្ច។ នេះជាការថ្លែងឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីការវិនិយោគលើការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការស្ដារតំបន់ទេសភាពកសិអេកូឡូស៊ី នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៤ ក្នុងសណ្ឋាគារ Hyatt Regency ភ្នំពេញ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្តថា យើងរួមគ្នាឆ្ពោះទៅមុខ ដើម្បីពង្រីកគម្របព្រៃឈើឲ្យបានជាង ៦០% នៅឆ្នាំ២០៥០ ហើយយើងទាំងអស់គ្នាធ្វើបាន ពីព្រោះសិស្សានុសិស្សជាង៣លាននាក់ កំពុងរង់ចាំជួយដាំ និងការពារ ថែទាំព្រៃឈើរបស់ខ្មែរយើង។ លើសពីនេះ យើងក៏មានអ្នកវិនិយោគបរទេស និងដៃគូអភិឌ្ឍន៍ជាច្រើន បានកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់ជាតិ ដូចនេះ សូមកុំយកអតីតកាលមកកំណត់អនាគតរបស់កម្ពុជា តែត្រូវយកទង្វើនាពេលបច្ចុប្បន្ន ដែលកំពុងកើតឡើងនេះ មកធ្វើជាកត្តាវាស់វែង ដើម្បីឈានឆ្ពោះទៅសមិទ្ធផលគួរជាទីមោទនៈនាពេលអនាគតសម្រាប់អ្នកជំនាន់ក្រោយរបស់ប្រជាជាតិកម្ពុជាវិញ។
ទន្ទឹមនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពកាប់រានទន្រ្ទានដីព្រៃរបស់រដ្ឋដោយខុសច្បាប់ ពីព្រោះទង្វើបំពាននេះ មិនអាចលាក់កំបាំងបានទេ ហើយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី ៧នៃរដ្ឋសភាកំពុងយកចិត្តទុកដាក់ និងអនុវត្តយ៉ាងតឹងរ៉ឹងនូវវិធានការច្បាប់ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។ ឯកឧត្តមបានគូសបញ្ជាក់ថា នាពេលថ្មីៗនេះ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួង មន្ទីរពាក់ព័ន្ធ អ្នកច្បាប់ សមត្ថកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ សម្រេចតាមការបង្ក្រាបជាច្រើនករណី និងបានដកហូតយកដីព្រៃត្រឡប់ជូនរដ្ឋវិញជាច្រើនហិកតា៕