កម្ពុជា បដិសេធទាំងស្រុងចំពោះការចោទប្រកាន់របស់ក្រុមអ្នកជំនាញ UN ដែលថា មានការយាយី និងធ្វើទុក្ខបុកម្នេញអ្នកការពារសិទ្ធិមនុស្ស

តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅហ្សឺណែវ ចេញសេចក្តីថ្លែងការណ៍ព័ត៌មាន៦ចំណុច ស្តីពី «ការអនុវត្តសិទ្ធិ និងសេរីភាពត្រូវភ្ជាប់មកជាមួយនូវករណីយកិច្ចគោរពនីតិរដ្ឋ»។

ក្នុងសេចក្ដីថ្លែងការណ៍ព័ត៌មានស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រ កម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវមានការខកចិត្តយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍រួមរបស់ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ដែលបានចោទប្រកាន់កម្ពុជា ថា មានការយាយី និងធ្វើទុក្ខបុកម្នេញអ្នកការពារសិទ្ធិមនុស្ស។

ស្ថានបេសកកម្មអចិន្ត្រៃយ៍សូម ផ្តល់នូវការសង្កេតមួយចំនួន ដូចខាងក្រោម៖

១. ការចោទប្រកាន់ថា កម្ពុជា “បំពានសិទ្ធិសេរីភាពបញ្ចេញមតិ បង្កើតសមាគម និងប្រមូលផ្តុំ ដោយសន្តិវិធី ដូចដែលត្រូវបានធានាដោយកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិ នយោបាយ (ICCPR)” គឺជាការភ័ន្តច្រឡំ ដែលនាំឱ្យមានការយល់ខុសទាំងស្រុង មិនឆ្លុះ បញ្ចាំងពីតថភាពលម្អពលរដ្ឋ និងនយោបាយនៅកម្ពុជា។ សិទ្ធិមនុស្ស រួមទាំងសេរីភាព បញ្ចេញមតិ បង្កើតសមាគម និងប្រមូលផ្តុំដោយសន្តិវិធី មិនមែនជាសិទ្ធិដាច់ខាតនោះទេ។ សិទ្ធិសេរីភាពទាំងអស់នេះត្រូវភ្ជាប់មកជាមួយនូវករណីយកិច្ច ការទទួលខុសត្រូវ និងដែន កំណត់ចែងដោយច្បាប់ ដូចមានកំណត់នៅក្នុងបញ្ញត្តិមាត្រា ១៩(៣) មាត្រា ២១ និង មាត្រា ២២(២) នៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ និងមាត ១៩(២) នៃសេចក្តីថ្លែងការណ៍ជាសកលស្ដីពីសិទ្ធិមនុស្ស។ ការខកខានមិនបានបញ្ជាក់ ឱ្យបានច្បាស់ដោយចេតនា មិនត្រឹមតែបង្កឱ្យសាធារណៈជនមានការភ័ន្តច្រឡំតែ ប៉ុណ្ណោះទេ ថែមទាំងផ្ដល់កម្លាំងចិត្តឱ្យក្រុមខ្លះ ដែលបានត្រៀមខ្លួនជាស្រេចក្នុងការកេង ចំណេញពីស្ថានភាពនេះសម្រាប់របៀបវារៈនយោបាយលាក់កំបាំងរបស់ពួកគេ។
កម្ពុជា

២. ការអនុវត្តសិទ្ធិ និងសេរីភាពតាមបែបប្រជាធិបតេយ្យមិនអាចផ្តាច់ចេញពីនីតិរដ្ឋ ហើយ គោលការណ៍នេះត្រូវអនុវត្តដោយស្មើភាពចំពោះប្រជាពលរដ្ឋទាំងអស់។ នៅកម្ពុជា ក៏ដូច ជានៅបណ្តាសង្គមប្រជាធិបតេយ្យដទៃទៀត ជនល្មើសច្បាប់អាចត្រូវចោទប្រកាន់ និងកាត់ ទោសដោយផ្អែកលើបទល្មើសដែលខ្លួនបានប្រព្រឹត្ត។ សម្ព័ន្ធជាមួយគណបក្សនយោបាយសហជីពការងារ ឬអង្គការណាមួយនោះ ពុំបានផ្ដល់សិទ្ធិឱ្យបុគ្គលណាម្នាក់បំពានច្បាប់ ដោយនិទណ្ឌភាពឡើយ។

៣. ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្តខ្មែរ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទបង្កឱ្យ មានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការ ផ្ដន្ទាទោសបទមជ្ឈិម ដែលត្រូវផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៨៨ មាត្រា៤៩៤ និងមាត ៤៩៥ នៃក្រមព្រហ្មទណ្ឌ គឺមិនមែនដោយសម្ព័ន្ធរបស់គាត់ជាមួយអង្គការពួនជ្រកក្រោម ស្លាកសិទ្ធិមនុស្សណាមួយនោះឡើយ។ បទល្មើសដែលមានចែងក្នុងច្បាប់ គឺជាបទ ល្មើស ហើយគេមិនអាចប្រើប្រាស់សកម្មភាពខុសច្បាប់នោះជាទឡ្ហៈករណ៍សម្រាប់បុព្វ
ហេតុផ្សេងណាមួយនោះឡើយ។

៤. ការអំពាវនាវឱ្យរាជរដ្ឋាភិបាលថ្មី“ត្រូវអនុវត្តមាគ៌ានយោយបាយឱ្យខុសពីអតីតកាល និងគោរពតាមការប្តេជ្ញាចិត្តចំពោះសិទ្ធិមនុស្ស… គឺជាការវាយតម្លៃដោយមិនត្រឹមត្រូវ និង អយុត្តិធម៌ ចំពោះស្ថានភាពសិទ្ធិមនុស្ស និងសេរីភាព នៅកម្ពុជា។ ជាការគួរឱ្យសោកស្តាយ ដែលកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់និងការពារសិទ្ធិ ប្រជាពលរដ្ឋដូចដែលចែងក្នុងរដ្ឋធម្មនុញ្ញ និងសមិទ្ធិផលសំខាន់ៗដែលសម្រេចបានជាច្រើន ត្រូវបានគេធ្វើមិនដឹងមិនឮ និងមិនយកចិត្តទុកដាក់។ ដោយមិនអាចប្រកែកបានដែល សង្គមស៊ីវិលមានភាពសរី និងបើកចំហរ ស្ដែងឡើងតាមរយៈវត្តមាននៃអង្គការសង្គម ស៊ីវិលប្រហែលជាង ៦.០០០ បានត្រូវចុះបញ្ជី និងបណ្ដាញផ្សព្វផ្សាយឌីជីថល និង ប្រពៃណី ជាង ២.០០០ស្ថាប័ន ប្រតិបត្តិការដោយគ្មានការត្រួតពិនិត្យតាមដាន នៅក្នុង ព្រះរាជាណាចក្រកម្ពុជា។

៥. សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា កំពុងមានការវិវត្ត ហើយរាជរដ្ឋាភិបាលកម្ពុជា រក្សាបន្តប្ដេជ្ញាធ្វើការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់និងការពារសិទ្ធិមនុស្ស បន្ថែមទៀត ក្នុងព្រំដែននីតិរដ្ឋ និងស្ថាប័នទទួលខុសត្រូវ។

៦. ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងហ្សឺណែវបដិសេធទាំងស្រុងនូវការលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍រួមខាងលើ៕