សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្នុងរយៈពេលប្រមាណ៤ឆ្នាំនេះ រាជរដ្ឋាភិបាលគ្រោងចំណាយប្រមាណ ១៤០០លានដុល្លារអាមេរិក សម្រាប់ពង្រឹងវិស័យសុខាភិបាល។ សម្តេចបានថ្លែងថា ការពង្រឹងវិស័យសុខាភិបាលមិនថយនោះឡើយ គឺដើរទៅមុខជានិច្ច។ បើតាមសម្តេចធិបតី ការវិនិយោគលើវិស័យសុខាភិបាល គឺជាការជួយសេនាទេវតា ជួយជីវិតប្រជាពលរដ្ឋ។ ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារផ្តល់សេវាវះកាត់ ដែលមានឈ្មោះថា «អគារ មណ្ឌល ផ្តល់សេវាផ្នែកវះកាត់» នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យបន្តខិតខំប្រឹងប្រែងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពនៃសេវាថែទាំ សុខភាព សំដៅបង្កើនអត្ថប្រយោជន៍សុខភាពរបស់អ្នកជំងឺ តាមរយៈការផ្តល់សេវាថែទាំសុខភាព គ្រប់ជ្រុងជ្រោយ រួមមាន៖ សេវាអប់រំលើកកម្ពស់សុខភាព, សេវាបង្ការ, សេវាវិភាគរោគវិនិច្ឆ័យ, ព្យាបាល និង ថែទាំ, ការតាមដានវាយតម្លៃគុណភាពសេវា ដោយរាប់បញ្ចូលទាំងអភិបាលកិច្ច គ្លីនិក និង ការដាក់ចេញនូវវិធានការកែលម្អគុណភាពសេវាជាប្រចាំ, ការប្រើប្រាស់បច្ចេកវិទ្យា ឌីជីថល ប្រកបដោយនវានុវត្តន៍ និង ការបំពាក់បំប៉នចំណេះដឹង និងជំនាញ ដល់គ្រូពេទ្យ, បុគ្គលិកសុខាភិបាល ដើម្បីបង្កើនគុណភាពសេវាឲ្យដល់ស្ដង់ដារខ្ពស់ ដែលឆ្លើយតបទៅនឹង ការរំពឹងទុករបស់ប្រជាពលរដ្ឋ។
ទន្ទឹមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំមន្ទីរពេទ្យត្រូវយកចិត្តទុកដាក់ថែទាំអគារ សម្ភារៈឧបករណ៍ពេទ្យ មធ្យោបាយបញ្ជូន ដោយស្មារតីបុរេសកម្ម និង ស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីផលប្រយោជន៍នៃការប្រើប្រាស់យូរអង្វែង ក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ និងត្រូវរក្សាបរិស្ថានអនាម័យល្អជាប់ជាប្រចាំ ដែលជាកត្តាសំខាន់រួមចំណែកដល់ការលើកកម្ពស់គុណភាពសេវាសុខាភិបាលទូទៅ ជាពិសេសការទប់ស្កាត់ការឆ្លងរោគនៅក្នុងមន្ទីរពេទ្យ៕