សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ដាក់ចេញគោលដៅបំពាក់បរិក្ខារពេទ្យទំនើបៗ ទៅគ្រប់មន្ទីរពេទ្យ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា​ រាជរដ្ឋាភិបាល បានដាក់ចេញគោលដៅបំពាក់បរិក្ខារពេទ្យទំនើបៗទៅគ្រប់មន្ទីរពេទ្យ តែក៏ត្រូវបណ្តុះបណ្តាលគ្រូពេទ្យជំនាញផងដែរ ដើម្បីឆ្លើយតបរវាងបរិក្ខារទំនើប និងគ្រូពេទ្យជំនាញ។ តែយ៉ាងណា សម្តេចធិបតីគូសបញ្ជាក់ថា មានឧបករណ៍ទំនើប តែគ្មានគ្រូពេទ្យជំនាញ មិនអាចផ្តល់សេវាព្យាបាលបានល្អនោះឡើយ។ ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារផ្តល់សេវាវះកាត់ ដែលមានឈ្មោះថា «អគារ មណ្ឌល ផ្តល់សេវាផ្នែកវះកាត់» នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍវិស័យសុខាភិបាល គឺជាកិច្ចការដ៏សំខាន់របស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រសើរនូវសុខុមាលភាពមូលធនមនុស្ស។ សម្តេចធិបតី បានថ្លែងថា នៅឆ្នាំ២០៣០ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងក្លាយទៅជាមន្ទីរពេទ្យតំបន់ ដែលមានទំហំធំ និងបំពាក់ដោយឧបករណ៍ទំនើប។ ការប្រែក្លាយមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ទៅជាពេទ្យតំបន់ នឹងក្លាយជាកាដូរធំសម្រាប់ពលរដ្ឋនៅខេត្តសៀមរាប និងខេត្តជុំវិញប្រមាណ ៣លាននាក់ ក៏ដូចជាការស្តែងឱ្យឃើញពីគោលនយោបាយច្បាស់លាស់ របស់រាជរដ្ឋាភិបាល មិនមែនមានតែលើក្រដាសនោះទេ៕

អត្ថបទ៖ អក្ខរា