លោក Pierre Tami ត្រូវបានគេស្គាល់ ថាមានឈ្មោះ សែន សិលា ជាឈ្មោះ ភាសាខ្មែរ ផ្ដល់ដោយសម្តេចតេជោ ក្នុងពេលដែលសម្តេចតេជោ ហ៊ុន សែន មានតួនាទីជានាយករដ្ឋមន្ត្រី ជាការទទួលស្គាល់នូវស្នាដៃ ដែលលោកបានធ្វើជូនកម្ពុជាយើង ហើយបច្ចុប្បន្ន លោក សែន សិលា ជាសហគ្រិនសង្គម។
ក្នុងពេលចូលជួប សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃព្រឹកទី១៩ ខែមេសានេះ, លោក Pierre Tami រំលឹកពីពេលវេលាដែល លោក សិលា និងកូនស្រី បានជួបសម្តេចតេជោ ដំបូងនៅឆ្នាំ១៩៩៧ នៅក្រុងកំពង់សោម លោកបានលើកឡើងថា ប្រវត្តិសាស្ត្រកម្ពុជាបានកត់ត្រាយ៉ាងច្បាស់នូវភាពជោគជ័យរបស់សម្តេចតេជោ ក្នុងការកសាងកម្ពុជា ចាប់តាំងទសវត្ស៨០មក ឱ្យទទួលបាននូវសន្តិភាពពេញលេញ និង កំពុងស្ថិតនៅក្នុងសករាជថ្មីនៃការអភិឌ្ឍកាន់តែរីកចម្រើនឥតឈប់ឈរ។
លោក សិលា ពិតជាមានក្តីសប្បាយរីករាយ និងបានគោរពអរគុណ សម្តេចតេជោ ដែលបានអនុញ្ញាតឱ្យ លោក បានបម្រើការងារជូន សម្តេច និង ប្រទេសកម្ពុជា ជាពិសេសជួយកុមារកម្ពុជា ដោយបានកៀរគរអ្នកវិនិយោគមកកម្ពុជា ក៏ដូចជាការអមដំណើរគណៈប្រតិភូកម្ពុជា ទៅដាវូស ប្រទេសស្វីសជាច្រើនលើក ។
លោក សិលា បានបន្តទៀតថា លោកពិតជាមានកិត្តិយសណាស់ ដែលបានធ្វើការជាមួយ ថ្នាក់ដឹកនាំ វ័យ ក្មេង ដូចជា ឯកឧត្ដម ហ៊ុន មានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅក្នុងវិស័យបដិសណ្ឋាកិច្ច ផលិតកម្មអាហារ ដោយប្រើប្រាស់ វិទ្យាសាស្ត្រ បច្ចេកវិជ្ជា ។ លោក រីករាយណាស់ដែលឃើញ ម្ពុជាបានកសាងធនធានមនុស្ស មានយុវជនវ័យក្មេងដឹកនាំ និងនាំមកនូវបច្ចេកវិទ្យា វិទ្យាសាស្ត្រ សម្រាប់ការអភិវឌ្ឍប្រទេស ។ នៅពេលនេះ សេដ្ឋកិច្ចរបស់កម្ពុជា ជាសេដ្ឋកិច្ចដែលផ្អែកលើជំនាញ ដែលនឹងអនុញ្ញាតឱ្យឈានទៅសម្រេចគោលដៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ២០៣០ ។ ទោះបីជាពេលនេះ មានការផ្ទេរការដឹកនាំទៅអ្នកជំនាន់ថ្មីក៏ដោយ ក៏វត្តមានរបស់សម្តេចតេជោ ជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅតែមានសារៈសំខាន់សម្រាប់ការអភិឌ្ឍន៍ប្រទេសកម្ពុជា ។ លោកមានបំណងចង់បម្រើ សម្តេចតេជោ បន្តទៀត និងសូមទទួលនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ម្តេច ។
គួរឲ្យដឹងថា លោក Pierre Tami ជាសហគ្រិនសង្គមដែលមានបទពិសោធន៍ជាង ៣០ឆ្នាំនៅអាស៊ី។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ 1990 មក Pierre បានធ្វើការនៅក្នុងប្រទេសកម្ពុជា ជាកន្លែងដែលគាត់បានបើកដំណើរការកម្មវិធី Hagar កម្មវិធីស្តារនីតិសម្បទាសង្គម និងអាជីវកម្មពាណិជ្ជកម្មសម្រាប់ជនរងគ្រោះនៃការរំលោភបំពាន អំពើហិង្សា និងការជួញដូរ។ លោកបានបង្កើត Shif360 ដើម្បីជួយសម្រួលដល់ឱកាសសេដ្ឋកិច្ចដោយយុត្តិធម៌ និងនិរន្តរភាពដល់យុវជនកម្ពុជា ហើយក៏ជាស្ថាបនិកនៃ Academy Of Culinary Arts Cambodia និងជាសហម្ចាស់អាជីវកម្មម្ហូបអាហារមួយចំនួនផងដែរ។ គាត់គឺជាសមាជិកក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្មអន្តរជាតិ (កម្ពុជា) គាត់ក៏មានតួនាទីជាទីប្រឹក្សាផ្ទាល់របស់នាយករដ្ឋមន្រ្តីកម្ពុជាផងដែរ។ Pierre គឺជាអ្នកទទួលពានរង្វាន់ពីអតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Colin Powell នាយករដ្ឋមន្ត្រីកម្ពុជា ព្រះមហាក្សត្រកម្ពុជា និងរង្វាន់ Brandenberger ពីប្រទេសស្វីស៕