កូនប្រុសច្បងរបស់អ្នកឧកញ៉ា គិត ម៉េង ដែលមានវ័យ ១៩ឆ្នាំ ឧកញ៉ា គិត ស៊ូឡា ត្រូវបានក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងធនធានមនុស្សរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប តែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អន្តរជាតិ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នៅថ្ងៃទី១៩ ខែមេសានេះ បានដកស្រង់សម្តីអ្នកឧកញ៉ា គិត ម៉េង ថា «ជាងបីទសវត្សរ៍មកនេះ ខ្ញុំបានកសាងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឲ្យក្លាយជាក្រុមហ៊ុន ពហុផលិតផលឈានមុខគេ ដែលមានម៉ាកយីហោត្រូវបានទទួលស្គាល់បំផុត នៅក្នុងប្រទេស។ ថ្ងៃនេះ ខ្ញុំមានមោទនភាពក្នុងការប្រកាសថា គិត ស៊ូឡា នឹងចូលរួមជាមួយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប»។
ក្នុងតួនាទីថ្មីរបស់ឧកញ៉ា គិត ស៊ូឡា ជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប រំពឹងថាការកាន់តំណែងសំខាន់នេះ ក្នុងការបង្កើតឲ្យកាន់តែមានភាពចម្រុះ និងធ្វើឲ្យចំណូលក្រុមហ៊ុនប្រសើរឡើង នៅក្នុងពិភពឌីជីថល។
ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បង្កើតឡើងក្នុងឆ្នាំ ១៩៩១ គឺជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ ជាយុទ្ធសាស្ត្ររបស់ប្រទេសកម្ពុជា ហើយត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនអាជីវកម្មដែលមានថាមពល និងភាពចម្រុះបំផុតរបស់ប្រទេស។ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប មានបុត្រសម្ព័ន្ធអាជីវកម្មជាច្រើន រួមមាន ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង ការវិនិយោគ ទូរគមនាគមន៍ ថាមពល ការដឹកជញ្ជូន ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍអចលនទ្រព្យ ពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស៕