ប្រមុខការទូតចិន ឯកឧត្តម វ៉ាង យី នឹងត្រូវចំណាយពេល ៣ថ្ងៃ ដើម្បីបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ពោលគឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងអំឡុងទស្សនកិច្ចនេះ ឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្តី្រការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ព្រមទាំងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ឯកឧត្តម វ៉ាង យី នឹងធ្វើជាសហប្រធានជាមួយ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល អន្តររដ្ឋាភិបាលកម្ពុជា-ចិនលើកទី៧។ លោកក៏នឹងអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីផ្លាស់ប្តូរទស្សនៈអំពីការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ជិតស្និទ្ធ និងល្អប្រសើរដែលមានស្រាប់លើគ្រប់វិស័យ។
ក្រសួងការបរទេស បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនាពេលខាងមុខនេះ ធ្វើឡើងស្របពេលនឹងការប្រារព្ធឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ហើយនឹងរួមចំណែកដល់ការពង្រឹងមិត្តភាពដែកថែប និងពង្រីក បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ធ្វើឱ្យស៊ីជម្រៅនូវការ កសាងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ លើកកម្ពស់ ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់និង អន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។
គួរកត់សម្គាល់ថា កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៣ ដែលប្រមុខការទូតចិនគ្រោងបំពេញទស្សនកិច្ចក្នុងសប្តាហ៍នេះ គឺឥណ្ឌូនេស៊ី កម្ពុជា និងប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ។ ឯកឧត្តម វ៉ាង យី នឹងត្រូវចំណាយពេល ៦ថ្ងៃ ដើម្បីបំពេញទស្សនកិច្ចនៅក្នុងប្រទេសអាស៊ីទាំង ៣ប្រទេសនេះ។
ដំណើរគ្រោងមកដល់របស់ប្រមុខការទូតដ៏មានឥទ្ធិពលរបស់ចិនរូបនេះ ស្របពេលដែលគម្រោងព្រែកជីកហ្វូណនតេជោ កំពុងឡើងកម្តៅ។ កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវវៀតណាម សហការជាមួយសារព័ត៌មានបរទេស ដែលទទួលជំនួយពីអាមេរិក បានរួមគ្នាចុះផ្សាយវាយប្រហារពីគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា។ វាមិនមែនជារឿងថ្មីនោះទេ វៀតណាមចេញមុខប្រឆាំងគម្រោងអភិវឌ្ឍន៍របស់ប្រទេសចិន ដែលសាងសង់នៅក្នុងប្រទេសឡាវ ឬកម្ពុជា។ វៀតណាម ធ្លាប់ប្រឆាំងឡាវលើការកសាងវារីអគ្គីសនី តាមដងទន្លេមេគង្គវិនិយោគដោយចិន ទោះកន្លែងសាងសង់នោះឆ្ងាយពីវៀតណាមប្រមាណ២០០០គីឡូម៉ែត្រក្តី។ ហើយថ្មីៗនេះ វៀតណាមបន្តចេញមុខប្រឆាំង ឬសម្តែងការបារម្ភពីគម្រោង “ព្រែកជីកហ្វូណនតេជោ”របស់កម្ពុជា ហេតុផលការបះពាល់បរិស្ថាន និងវត្តមានកងទ័ពចិន។
អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងការពារគម្រោងព្រែកជីកហ្វូណនតេជោនេះថាសម្រាប់បម្រើផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ មិនមែនជួយសម្រួលដល់កងទ័ពជើងទឹកចិនដូចការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួនឡើយ។ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ធ្លាប់បានស្នើរដ្ឋាភិបាលចិន គាំទ្រលើគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងជួយផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋកម្ពុជា និងជាតិកម្ពុជា៕
អត្ថបទ៖ អក្ខរា