ក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវចំពោះសប្បុរសជនក្នុងប្រទេស ក៏ដូចក្រៅប្រទេស ជួយឧបត្ថម្ភជាថវិកា សម្ភារៈ សម្រាប់ជារង្វាន់ និងការលើកទឹកចិត្តបន្ថែមដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេស និង គណៈកម្មការរៀបចំ សំដៅជំរុញចលនានេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នៅឆ្នាំបន្តបន្ទាប់។
ក្រសួងអប់រំ បានឲ្យដឹងថា ក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំ តាមរយៈការអភិវឌ្ឍធនធានមនុស្សដែលមានចំណេះដឹង និងជំនាញប្រកបដោយសមត្ថភាពខ្ពស់ សំដៅអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាកសាងសង្គមជាតិឱ្យបានរឹងមាំ ក្រសួងតែងតែរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូប វិទ្យាសម្រាប់សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលនៅឆ្នាំនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ។
សម្រាប់ពិធីបើក នឹងប្រព្រឹត្តទៅនាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទីព្រឹក នៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ និងពិធីបិទ ចែកវិញ្ញាបនបត្រ និងរង្វាន់ជ័យលាភី នឹងប្រព្រឹត្តទៅនាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៤:០០នាទីរសៀល នៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ។ សប្បុរសជនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីបិទ ចែកវិញ្ញាបនបត្រ និងរង្វាន់ជ័យលាភី ដើម្បីទទួលលិខិត ថ្លែងអំណរគុណរបស់ក្រសួងអប់រំ យុវជន និងកីឡា៕