បច្ចុប្បន្នភាពវឌ្ឍនភាពគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) គិតត្រឹមរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ សម្រចបាន 52.12%ហើយ និងប្រឹងឱ្យសម្រេចបាន60%នៅចុងរដូវប្រាំងនេះ(មិថុនា ២០២៤)។ បន្តិចទៀតបងប្អូនអាចធ្វើដំណើរលើដងផ្លូវនេះ ដោយស្រួល និងមោទនភាពក្រៃលែង ជាមួយនឹងទេសភាពព្រៃព្រឹក្សាត្រជាក់ភ្នែក។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម។
គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ចាប់ពីបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ការដ្ឋានកំពុងមមាញឹកខ្លាំង ដោយការងារអ៊ុត AC ជាបន្តបន្ទាប់។ នៅរដូវវស្សាឆ្នាំ២០២៤ខាងមុខនេះ នឹងត្រូវធ្វើការងារ Base Course ឱ្យបានជាអតិបរមា និងការងារ Structure ដល់រដូវប្រាំង២០២៥ ត្រូវអ៊ុត AC បញ្ចប់។
ទន្ទឹមនឹងវឌ្ឍនភាព គម្រោងនេះក៏ជួបភាពយឺតយ៉ាវពេលកន្លងមកផងដែរ ដែលកត្តាទាំងនោះបណ្តាលមកពីបញ្ហាកូវីដ-១៩ និងដោយភូមិសាស្ត្រតំបន់នោះ នារដូវវស្សាមានភ្លៀងធ្លាក់ខ្លាំងរយៈពេល៦ខែ ក្នុងមួយឆ្នាំ ដូច្នេះសល់ពេលតែ៦ខែ សម្រាប់ការងារ។
សូមបញ្ជាក់ថា ប្រវែងផ្លូវ ១៤៨ គីឡូម៉ែត្រ ជាទូទៅតម្រូវឱ្យមានការបន្ថែមទៅលើប្លង់ដើមការងារ(Variation Order) ដែលមានកិច្ចការជាច្រើនក្នុងនោះ៖ ពង្រីកទំហំផ្លូវ ២ គន្លង ពី១១ម៉ែត្រ ទៅ១៣ម៉ែត្រ , កាត់ចំណោតភ្នំបន្ថែម, កាត់បន្ថយចំណោតផ្លូវបន្ថែម, ពង្រីកពី២គន្លង ទៅ ៤គន្លង នៅ PK84 ជាដើម៕