កម្ពុជា ទទួលបានភ្ញៀវទេសចរសរុបជាង២១ លាននាក់ ក្នុងរយៈពេល ៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ ក្នុងនោះមានភ្ញៀវទេសចរបរទេសមានចំនួនជាង ១១ម៉ឺននាក់។ ខេត្តចំនួន៥ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ គឺកំពង់ចាម ព្រៃវែង កំពង់ស្ពឺ បាត់ដំបង កំពត។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៤។
ក្រសួងទេសចរណ៍ បញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋដែលបានដើរលេងកម្សាន្តក្នុងខេត្តខាងលើមានតែប្រមាណ ៣០% ប៉ុណ្ណោះដែលបានស្នាក់នៅលើសពីមួយយប់ឡើងទៅ។ ចំនួនភ្ញៀវទេសចរ ប្រមាណជាង ២១ លាននាក់ក្នុងរយៈពេល៤ ថ្ងៃនេះ គឺជាចំនួនមួយដ៏ច្រើនលើសលប់ លើសពីការរំពឹងទុក និងច្រើនជាងពេលមុនវិបត្តិជំងឺកូវីដ-១៩ទៅទៀត៕