រយៈពេល១១ថ្ងៃ មានពលរដ្ឋខ្មែរនៅក្រៅប្រទេសជាង ៣៣ម៉ឺននាក់ បានវិលចូលប្រទេសវិញ ដើម្បីមកចូលរួមក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ក្នុងសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃបានសង្កេតឃើញថាដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរខាងមុខ និងដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្រួលដំណើរ ចូល-ចេញ ប្រទេសរបស់អ្នកដំណើរទូទៅ ពិសេសពលករកម្ពុជាដែលទៅបំពេញការងារ និងប្រកបមុខរបរផ្សេងៗនៅ ក្រៅប្រទេសបានធ្វើដំណើរវិលចូលប្រទេសវិញជាបន្តបន្ទាប់។
ជាក់ស្ដែង នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ មានពលរដ្ឋខ្មែរបានធ្វើដំណើរវិលត្រឡប់ចូលប្រទេសវិញ នៅតាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនសរុបចំនួន៣៨,៩៨៧នាក់ ក្នុងនោះមានពលករសរុបចំនួន ១៦,០៩២នាក់។ បូក យោងគិតចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ពលរដ្ឋខ្មែរចូលសរុបចំនួន ៣៣៣,៤៦៦ នាក់ ដែលក្នុងនោះមានពលករចូលសរុបចំនួន៩៨,៧៧៩នាក់៕
អត្ថបទ៖ អក្ខរា