ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ស្របតាមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» និងការពាររាល់សមិទ្ធផលដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូលសម្រេចបាននាពេលកន្លងមកឱ្យ បានគង់វង្ស មិនឱ្យបុគ្គលណា ក្រុមណា ឬបរទេសណាមកបំផ្លាញ់ទៅវិញបានឡើយ។ នេះបើតាម
សារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨។
ទន្ទឹមនេះ រាជរដ្ឋាភិបាលប្ដេជ្ញាបន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗទៀត ក្នុងការកសាង និងការពារមាតុភូមិជាទីស្នេហានៃយើង។
តាមរយៈសារលិខិត, សម្តេចធិបតីនាយករដ្ឋមន្ត្រី សូមទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី អភិបាលគ្រប់គ្រង ជួយបីបាច់ថែរក្សាគាំពារ និងប្រសិទ្ធពរជ័យដល់ប្រជាជនខ្មែរគ្រប់រូប ឱ្យមានសមានចិត្តជាកុសល យោគយល់គ្នា រួបរួមសាមគ្គីគ្នាជាមហា គ្រួសារខ្មែរតែមួយ នៅលើទឹកដីមាតុភូមិអង្គរជាទីស្នេហា ដោយសេចក្តីសុខក្សេមក្សាន្ត និងប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ ក្នុងឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គមតរៀងទៅ៕
អត្ថបទ៖ អក្ខរា