អាជ្ញាធរខេត្តមណ្ឌលគិរី ប្រកាសបញ្ឈប់ និងប្រមូលរណារយន្តកាត់-អារឈើ ទូទាំងខេត្ត ដើម្បីទប់ស្កាត់សកម្មភាពអនាធិបតេយ្យពីការកាប់បំផ្លាញព្រៃឈើគ្រប់ប្រភេទ។
ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានឲ្យដឹងថា ក្នុងគោលបំណង ថែរក្សាការពារ និងពង្រឹងនូវការគ្រប់គ្រងដីព្រៃឈើគ្រប់ប្រភេទពីការកាប់បំផ្លាញ ហ៊ុមព័ទ្ធយកធ្វើជាកម្មសិទ្ធិនៅក្នុងខេត្តមណ្ឌលគិរី និងដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់សកម្មភាពអនាធិបតេយ្យពីការកាប់បំផ្លាញព្រៃឈើគ្រប់ប្រភេទក្នុងដែនសមត្ថកិច្ចរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខ ប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី និងយោងតាមស្មារតីអង្គប្រជុំរបស់គណៈកម្មការទប់ស្កាត់ធនធាន ធម្មជាតិ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅសាលាខេត្តមណ្ឌលគិរី ។
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តមណ្ឌលគិរី សូមជូនដំណឹងដល់សាធារណៈជននៅក្នុងខេត្តមណ្ឌលគិរី៖ ត្រូវបញ្ឈប់នូវរាល់ការនាំចូល លក់ដូរ សន្និធិ ការដឹកជញ្ជូន និងការធ្វើអំណោយនូវរណារយន្តកាត់- អារឈើ ដោយគ្មានការអនុញ្ញាត, ត្រូវផ្អាកទទួលជួសជុល និងលក់គ្រឿងបន្លាស់រណារយន្តកាត់-អារឈើគ្រប់ប្រភេទ និង ការប្រើប្រាស់ និងរក្សាទុកនូវរណារយន្តកាត់-អារឈើគ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាតត្រូវធ្វើការប្រគល់ដោយស្ម័គ្រចិត្តជូនខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ចាប់ពីពេលជូនដំណឹងនេះ – អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ និងសមត្ថកិច្ចពាក់ព័ន្ធមេត្តាជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុង ដែនសមត្ថកិច្ចរបស់ខ្លួនក្នុងរយៈពេល០១ខែ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។
ចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ តទៅ ខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តមណ្ឌលគិរី នឹងចុះចាប់ឃាត់ទុក ប្រមូល និងអនុវត្តវិធានការច្បាប់ ជាអាទិ៍ តាមលំនៅដ្ឋាន ដេប៉ូ ឈើ ឬគ្រឿងសង្ហារិម កន្លែងលក់ដុំ ឬលក់រាយ រោងសន្និធិ មូលដ្ឋានឧស្សាហកម្មឈើ រោងចក្រអារឈើ និង សិប្បកម្មកែឆ្នៃ អនុផលព្រៃឈើ និងទីកន្លែងផ្សេងទៀតក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី នូវរណារយន្តកាត់- អារឈើ ដែលមិនមានការអនុញ្ញាត៕