អនុវត្តតាមប្រសាសន៍នាយករដ្ឋមន្រ្តីសាលាក្រុងភ្នំពេញរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿងដឹកជញ្ជូនពលរដ្ឋទៅលេងស្រុកកំណើតឥតគិតថ្លៃ

នៅព្រឹកព្រលឹមនាថ្ងៃទី១២ ខែមេសានេះ សាលាក្រុងភ្នំពេញបានរៀចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃទៅលេងស្រុកកំណើតតាមបណ្តាខេត្តនានា ក្នុងរយៈពេល៦ថ្ងៃនាឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤។

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ថ្ងៃនេះរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ដើម្បីសម្រួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ បានឱ្យដឹងថា ពលរដ្ឋអាចមកទទួលយកសេវាដឹកជញ្ចូន ដោយមិនមានការទិញលក់សំបុត្រអ្វីនោះឡើយ ពោលគឺ​ គ្រាន់តែចូលទៅតាមរោងដែលមានការរៀបចំ ហើយឈរតម្រង់ជួរនៅក្នុងគោលដៅខេត្តដែលចង់ធ្វើដំណើរទៅ នោះក្រុមការងារនឹងសម្រួលការធ្វើដំណើរជូនបានដោយងាយស្រួល។ 

សូមជម្រាបជូនថា រថយន្តក្រុងសាធារណៈទាំង​ ៤៥៥គ្រឿង មាន​ ៦០គ្រឿង​ សម្រាប់ប្រើប្រាស់ដឹកជញ្ចូនពលរដ្ឋក្នុងរាជធានីភ្នំពេញ និង៣៩៥គ្រឿងទៀតសម្រាប់ប្រើប្រាស់ក្នុងការដឹកជញ្ចូនពលរដ្ឋចេញទៅតាមបណ្តាខេត្ត។ ការដឹកជញ្ចូននេះធ្វើឡើងរយពេល៦ថ្ងៃ គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤៕