ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងថា ប្រទេសកម្ពុជា កំពុងត្រៀមដើម្បីឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ( LDC) ហើយកម្ពុជាមានជំហររឹងមាំដែលអាចនឹងឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៧។
ក្នុងរបាយការណ៍ផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ADB បានឲ្យដឹងថា ពីរទសវត្សរ៍បន្ទាប់ពីត្រូវបានដាក់បញ្ចូលក្នុងក្រុមប្រទេស LDC ដែលកំណត់ដោយអង្គការសហប្រជាជាតិ កម្ពុជា បានបំពេញលក្ខណៈវិនិច្ឆ័យដើម្បីឆ្លងផុតពីក្រុមប្រទេសនេះជាលើក ដំបូងក្នុងឆ្នាំ២០២១។
យោងតាមការពិនិត្យឡើងវិញរយៈពេលបីឆ្នាំ របស់អង្គការសហប្រជាជាតិនៅឆ្នាំ២០២៤ ប្រាក់ចំណូលជាតិសរុប សម្រាប់មនុស្សម្នាក់បច្ចុប្បន្នគឺ ១.៥៩០ដុល្លារ ខ្ពស់ជាងកម្រិតស្តង់ ដារដែលមានចំនួន ១.៣០៦ដុល្លារ សន្ទស្សន៍ធនធានមនុស្ស គឺ ៧៧,៨ លើសពីកម្រិតស្តង់ដារ ៦៦ ហើយសន្ទស្សន៍សេដ្ឋកិច្ច និងបរិស្ថានគឺ ២៤,១ ក្រោមកម្រិតស្តង់ដារ ៣២។ ដូច្នេះ ប្រទេសកម្ពុជាមានជំហររឹងមាំ ដើម្បីទទួលបានលទ្ធផលល្អពីការត្រួតពិនិត្យវាយតម្លៃរយៈពេលបីឆ្នាំបន្ទាប់លើកទីពីរនៅឆ្នាំនេះ ដែលអាចនឹងឆ្លងផុតពីក្រុមប្រទេស LDC នៅឆ្នាំ២០២៧។ ការឆ្លងផុតនេះផ្ដល់អត្ថប្រយោជន៍រយៈពេលវែង។
បើតាមADB តាមរយៈការបង្ហាញសញ្ញាវិជ្ជមានអំពីការអភិវឌ្ឍ និងស្ថិរភាពរបស់ប្រទេស វាទំនងជានឹងទាក់ទាញ FDI កាន់តែច្រើន និងជំរុញកំណើនសេដ្ឋកិច្ចកាន់តែឆាប់រហ័ស។ ការឆ្លងផុតនេះក៏អាចពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ចដោយកាត់បន្ថយការពឹងផ្អែកលើផលិតផល និងទីផ្សារតែមួយចំនួនតូច។ ការត្រៀមខ្លួនដើម្បីឆ្លងផុត នឹងរួមបញ្ចូលការពង្រឹងសមត្ថភាពស្ថាប័ន ដែលនាំឱ្យអភិបាលកិច្ច ការអនុវត្តគោលនយោបាយ និងភាពធន់នឹងការប៉ះទង្គិចពីខាងក្រៅកាន់តែមានប្រសិទ្ធភាព៕
អត្ថបទ៖ អក្ខរា