នាយករដ្ឋមន្ត្រី ឆ្លើយតបចំពោះកង្វល់ដែលថា គម្រោងព្រែកជីកហ្វូណនតេជោ ចំណាយលុយអត់ប្រយោជន៍

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ជាថ្មីថា គម្រោងសាងសង់ព្រែកជីក​ហ្វូណន-តេជោ ដើម្បីបម្រើប្រយោជន៍សេដ្ឋកិច្ច ពោលគឺមិនមែនចំណាយលុយកសាងអត់ប្រយោជន៍ដូចកង្វល់ពីមជ្ឈដ្ឋានមួយចំនួននោះទេ។

ថ្លែងក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌របស់ក្រុមហ៊ុន ខ្មែរ ហ្រេ្វស មីល ឯ.ក នៅខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ព្រែកជីកហ្វូណន មានទទឹង ១០០ម៉ែត្រ ជម្រៅជីក ៥.៤ម៉ែត្រ(ជម្រៅប្រើប្រាស់ ៤.៧ម៉ែត្រ) ដឹកបានទម្ងន់ ៣ពាន់តោន។ គម្រោងនេះមានប្រវែង ១៨០គីឡូម៉ែត្រ មិនមែនជីកថ្មីទាំងស្រុងនោះទេ ក្នុងនោះ ១៣៥គីឡូម៉ែត្រ ជាព្រែកមានតម្រាយផ្លូវទឹកស្រាប់ គ្រាន់តែពង្រីកឱ្យធំប៉ុណ្ណោះ។

បើតាមគម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានសិក្សាដោយក្រុមអ្នកជំនាញជាតិ និងអន្តរជាតិសរុបប្រមាណ ៤០នាក់ ដោយមានបច្ចេកច្បាស់លាស់ មិនឱ្យទឹកទន្លេមេគង្គហូរចូលសមុទ្រនោះឡើយ ហើយក៏បានគោរពតាមច្បាប់អន្តរជាតិស្តីពីទន្លេមេគង្គផងដែរ។

ទន្ទឹមនឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា កម្ពុជា គ្មានច្បាប់អនុញ្ញាតឱ្យមានវត្តមានកងទ័ពបរទេសលើទឹកដីកម្ពុជានោះឡើយ។ កម្ពុជា រាប់រកមិត្តគ្រប់ទីកន្លែងដោយសុខសន្តិភាព។ សម្រាប់លក្ខណៈបច្ចេកទេស ជម្រៅទឹកត្រឹម ៤.៥ម៉ែត្រ មិនអាចឱ្យនាវាដឹកយន្តហោះចល័តបាននោះឡើយ។ សម្តេចក៏បានថ្លែងទៀតថា កម្ពុជាគ្មាននយោបាយធ្វើសត្រូវជាមួយប្រទេសណាមួយនោះឡើយ គឺមានតែការចងមិត្តភាព៕

អត្ថបទ៖ អក្ខរា