សម្តេចធិបតី ហ៊ុន ម៉ាណែ៖ រាជរដ្ឋាភិបាល និងក្រសួងកសិកម្ម នឹងខំប្រឹងប្រែងរក្សាលំនឹងទីផ្សារកសិផល

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា តម្លៃទីផ្សារកសិផលប្រែប្រួលមិនទៀងទាត់នោះឡើយ ទោះយ៉ាងណារាជរដ្ឋាភិបាល និងក្រសួងកសិកម្ម នឹងប្រឹងប្រែងរក្សាលំនឹងទីផ្សារកសិផល។ សម្តេចធិបតីបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញកញ្ចប់ថវិកា ១០០លានដុល្លារអាមេរិក ដើម្បីធ្វើអន្តរាគមន៍ឱ្យបានទាន់ពេលក្នុងការទិញកសិផលពីប្រជាកសិករជាមួយនឹងគោលដៅរក្សាស្ថិរភាពថ្លៃនៅរាល់រដូវប្រមូលផល។

សម្តេចធិបតី បានថ្លែងក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌របស់ក្រុមហ៊ុន ខ្មែរ ហ្រេ្វស មីល ឯ.ក នៅខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត រំពឹងថា ផលិតផលដែលផលិតក្នុងស្រុក នឹងជួយផ្គត់ផ្គង់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ ហើយទប់ស្កាត់ការហូរចូលផលិតផលពីក្រៅប្រទេស។ សម្តេចធិបតី​បានថ្លែងថា ការផលិតជាមួយគុណភាពល្អ ហើយរក្សាបានតម្លៃធូរជាងផលិតផលនាំពីក្រៅ គឺជាយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់៕

អត្ថបទ៖ អក្ខរា