លទ្ធផលពិនិត្យគុណភាពទឹកទន្លេមេគង្គ នៅស្ទឹងត្រែង មិនទាន់ទទួលរងផលប៉ះពាល់ពីឧបទ្ទវហេតុនៃការលេចធ្លាយសារធាតុគីមីក្នុងប្រទេសឡាវនៅឡើយទេ។ នេះបើតាមការឲ្យដឹងពីក្រសួងធនធានទឹក និងឧតុនិយម។
ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ក្រុមការងារបច្ចេកទេសនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយមបានសហការ ជាមួយមន្ត្រីបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នេះ បានចុះទៅពិនិត្យគុណភាពទឹកនៅខេត្តស្ទឹងត្រែង ដោយបានយកសំណាកទឹកទន្លេមេគង្គពីទីតាំងចំនួន២៖ ទី១)នៅខាង លើក្រុងស្ទឹងត្រែងប្រមាណ ៣គីឡូម៉ែត្រ និងទី២)នៅក្បែរព្រំដែនប្រទេសឡាវ ខាងក្រោមទំនប់វារី អគ្គិសនីដនសាហុង របស់ប្រទេសឡាវប្រមាណ ២គីឡូម៉ែត្រ។
ជាលទ្ធផល ស្ថានភាពគុណភាពទឹកទន្លេមេគង្គនៅព្រះរាជាណាចក្រកម្ពុជា ក្នុងខេត្តស្ទឹងត្រែង ព្រំដែនកម្ពុជា-ឡាវ មិនទាន់ទទួលរងផលប៉ះពាល់ពីឧបទ្ទវហេតុនៃការលេចធ្លាយអាស៊ីតស៊ុលផួរិច នៅទន្លេណាមខាន់ដែលជាដៃទន្លេមេគង្គក្នុងប្រទេសឡាវនៅឡើយទេ។
យ៉ាងណាមិញ ក្រសួងធនធានទឹក និងឧតុនិយម និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ តាមដានអំពីផលប៉ះពាល់ដែលអាចកើតមានពីករណីឧបទ្ទវហេតុខាងលើមកលើ គុណភាពទឹកទន្លេមេគង្គក្នុងប្រទេសកម្ពុជា និងបន្តធ្វើការជូនដំណឹងបន្ថែម ក្នុងករណីចំបាច់។
ការចុះពិនិត្យគុណភាពទឹកទន្លេមេគង្គនៅខេត្តស្ទឹងត្រែង ក្រោយពីបានទទួលនូវព័ត៌មានបឋមពីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ជម្រាបមកប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ អំពីឧបទ្ទវហេតុនៃការលេចធ្លាយសារធាតុគីមីចូលក្នុង ស្ទឹងណាមខាន់ ស្ថិតនៅក្នុងក្រុងហ្លួងប្រាបាង នៃខេត្តហ្លួងប្រាបាង ប្រទេសឡាវ ដែលបណ្តាលមក ពីឧបទ្ទវហេតុនៃការក្រឡាប់រថយន្តដឹកសារធាតុគីមី (អាស៊ីតស៊ុលផួរិច) ប្រមាណ៣០តោន នៅភូមិ ភូសាងខាំ ក្នុងខេត្តហ្លួងប្រាបាង ប្រទេសឡាវ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤៕
អត្ថបទ៖អក្ខរា