បណ្ឌិត សុខ ទូច៖ វៀតណាមគិតពីបរិស្ថាន ​តែបំផ្លាញព្រៃឈើកម្ពុជា

“វៀតណាមជីកប្រឡាយ ជីកព្រែក ដើម្បីដឹកជញ្ជូន និងរស់នៅលើទឹក តើមានបានគិតពីបរិស្ថានទេ?…អ្នកឯង (វៀតណាម) ទិញឈើពីកម្ពុជាច្រើនណាស់ ដឹកឈើពីកម្ពុជាច្រើនណាស់ តើមានបានគិតទេពីបរិស្ថាន, បើអ្នកឯងគិតពីបរិស្ថាន មិនគួរគាស់ មិនគួរទិញពីកម្ពុជាទេ អ្នកឯងដឹកឈើពីកម្ពុជាច្រើនណាស់ បំផ្លាញព្រៃឈើពីកម្ពុជាច្រើនណាស់”។ នេះជាការលើកឡើងរបស់បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ឆ្លើយតបចំពោះការមួលបង្កាច់មកលើកម្ពុជាជុំវិញករណីព្រែកជីកហ្វូណនតេជោ នាល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។

បណ្ឌិតសភាចារ្យ សុខ ទូច បានបន្តថា៖ “ពេលប៉ះផលប្រយោជន៍អ្នកឯង អ្នកឯងគិតពីបរិស្ថាន ចុះពេលមកទិញ​ឈើ ដឹកទៅទាំងម៉ូតូៗ តាមផ្លូវមណ្ឌលគិរី រតនគិរី ក្រចេះ តើចេញឈើប៉ុន្មាន? មិនមែនខ្ញុំមិនដឹងទេ ខ្ញុំដើរព្រំដែន​ខ្ញុំដឹង តើអ្នកបានគិតពីបរិស្ថានហ្នឹងហើយឬនៅ? អ្នកឯងកាប់ដើមឈើ ទៅដាំកាហ្វេ ពីបង្គោលសូន្យមកដល់បង្គោល ៣០”។

គួរបញ្ជាក់ថា សន្និសីទនេះ ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយអត្ថបទស្រាវជ្រាវមួយសរសេរដោយវិទ្យាស្ថានអភិវឌ្ឍន៍ការស្រាវជ្រាវបូព៌ា (Oriental Research Development Institute) ប្រទេសវៀតណាម បានវាយប្រហារថា ព្រែកជីកហ្វូណនតេជោ មិនត្រឹមតែជាគម្រោងមួយដែលបម្រើឱ្យសេដ្ឋកិច្ច-សង្គមកម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែព្រែកជីកនេះក៏មានតម្លៃចម្បងបម្រើឱ្យវិស័យយោធារបស់ចិនផងដែរ៕

អត្ថបទ៖ អក្ខរា