សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រយៈពេល៧០ថ្ងៃមកនេះ ក្រុមការងារចម្រុះ បានចុះធ្វើការ ហើយបញ្ចប់ការធ្វើបច្ចុប្បន្នភាព លើការកំណត់ព្រំលើទីតាំងដីនៅតំបន់ទន្លេសាប។ សម្តេចធិបតី បានឲ្យដឹងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងធនធានទឹក និង ឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជា្ញធរទន្លេសាប ប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ នៅរសៀលថ្ងៃពុធ ទី១០ មេសា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងធនធានទឹក និងឧតុនិយម ត្រូវបន្តអនុវត្តតួនាទី និង ភារកិច្ចរបស់ខ្លួន ដោយសហការជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋានគ្រប់រាជធានី-ខេត្ត ក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹកក្នុងតំបន់៣ នៅជុំវិញបឹងទន្លេសាប និង ជំរុញបញ្ចប់ការធ្វើ បច្ចុប្បន្នភាពផែនទីតំបន់ ១ តំបន់២ និង តំបន់៣ នៃតំបន់ទន្លេសាប និងធ្វើការបោះបង្គោលព្រំ ព្រមទាំងការទប់ស្កាត់រាល់ការទន្ទ្រានកាន់កាប់ដីក្នុងអាងស្តុកទឹក, ដីព្រៃលិចទឹក, ការចាក់ដី និង ថ្មចូលក្នុងទន្លេ ស្ទឹង អូរ និង បឹងបួរ នៅទូទាំងប្រទេស។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចការការពារដីអភិរក្សាបឹងទន្លេសាប ត្រូវតែបន្តធ្វើដោយគ្មានដកថយ៕
អត្ថបទ៖ អក្ខរា