រដ្ឋមន្ត្រីបរិស្ថាន អំពាវនាវឲ្យប្រជាពលរដ្ឋកាត់បន្ថយប្លាស្ទិក និងទុកដាក់សំរាមឲ្យត្រឹមត្រូវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

ក្រសួងបរិស្ថាន បានឲ្យដឹងថា ការដូដ៏វិសេសវិសាលបំផុតរបស់រាជរដ្ឋាភិបាល ជូនដល់ប្រជាជនកម្ពុជាទាំងមូល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គឺសិស្សានុសិស្សទូទាំងប្រទេស បានចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក របស់ក្រសួងបរិស្ថាន។

សិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូ នៅតាមគ្រឹះស្ថានសិក្សាទាំងអស់ទូទាំងប្រទេស បានចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។ នេះជាកាដូដ៏វិសេសវិសាលរបស់រាជរដ្ឋាភិបាល ជូនដល់ប្រជាជនកម្ពុជាទាំងអស់ ក្នុងឱកាសពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ការថ្លែងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៤ នៅពេលទិន្នន័យប្រជាពលរដ្ឋកម្ពុជា ដែលរហូតមកទល់ពេលនេះ មានចំនួនជាង ៧,៦លានអង្គ/នាក់ បានចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកជារៀងរាល់ថ្ងៃ ហើយក្នុងនោះ សិស្សានុសិស្ស១០០% បានចូលរួម តាមរយៈការផ្សព្វផ្សាយនូវវប្បធម៌ស្អាត ក្នុងការទប់ស្កាត់ការបំពុលដោយប្លាស្ទិក ផ្តើមពីបុគ្គលស្អាត បន្តទៅសង្គមស្អាត និងកម្ពុជាស្អាតស្រស់បំព្រង ទាក់ទាញអ្នកវិនិយោគ និងទេសចរឱ្យបានច្រើន។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានកោតថ្លែងសរសើរ និងលើកទឹកចិត្តចំពោះ ដល់ប្រជាពលរដ្ឋកម្ពុជា បន្តវប្បធម៌ស្អាត នៅតាមលំនៅឋាន វត្តអារាម សហគមន៍ មូលដ្ឋាន រោងចក្រ សហគ្រាស ដើម្បីឱ្យចលនា នៃភាពស្អាត នឹងធ្វើឲ្យកម្ពុជា ទទួលបានបរិស្ថានស្អាតទូទាំងប្រទេសុ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញឱ្យបន្តការចូលរួមរបស់ប្រជាពលរដ្ឋ ឈប់ប្រើថង់ប្លាស្ទិកចាប់ពី១ថ្ងៃ ទៅ៣ថ្ងៃយ៉ាងតិច ក្នុង១សប្តាហ៍ ឆ្លើយតបនឹងភាពស្អាត ភាពបៃតង និងចីរភាព ដែលជាយុទ្ធសាស្រ្តគន្លឹះក្នុងវិស័យបរិស្ថាន គឺយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨។

ជាមួយគ្នានេះដែរ ក្រសួងបរិស្ថាន ក៏ស្នើអំពាវនាវ ឲ្យប្រជាពលរដ្ឋចូលរួមថែរក្សា ភាពស្អាត ដោយកាត់ បន្ថយការប្រើប្រាស់ប្លាស្ទិក និងទុកដាក់ សំរាម សំណល់រឹងនៅទីប្រជុំជន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រារព្ធទៅនៅថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ នាពេលខាងមុខ៕