ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រើនរំលឹកដល់គ្រប់រាជធានី-ខេត្តទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើសុខសណ្តាប់ធ្នាប់សង្គម ពិសេស បញ្ហាចរាចរណ៍ ដោយត្រូវកាត់បន្ថយឱ្យបានជាអប្បបរមា ។
តាមរយៈសំណេរលើបណ្តាញសង្គមផ្លូវការនៅព្រឹកថ្ងៃទី១០ ខែមេសារនេះ សម្តេចធិបតី បានឲ្យដឹងថា រាជធានី-ខេត្ត ទាំង២៥ បានត្រៀមលក្ខណៈ និងរៀបចំលម្អរួចរាល់ ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នាពេលខាងមុខនេះ។
សម្តេចធិបតីបានបន្តថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលបំពេញការងារក្នុងរាជធានីភ្នំពេញ ដែលមានបំណងធ្វើដំណើរទៅស្រុកកំណើតក្នុងឱកាសឆ្នាំថ្មីនេះ អាចប្រើប្រាស់មធ្យោបាយរថយន្តក្រុង ដែលសាលារាជធានីភ្នំពេញ បានរៀបចំនៅតាមគោលដៅទាំង៨។
គួរបញ្ជាក់ថា រដ្ឋបាលរាជធានី-ខេត្តចំនួន២៥ រៀបចំព្រឹត្តិការណ៍សង្រ្កាន្ត អំឡុងពេលចូលឆ្នាំ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ តាមមូលដ្ឋានរៀងៗខ្លួន។ យោងតាមប្រតិទិនឈប់សម្រាកចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក នឹងប្រព្រឹត្តិទៅពីថ្ងៃទី១៣ រហូតដល់១៦ ខែមេសា ឆ្នាំ២០២៤ ដែលមាន៤ថ្ងៃ ចាប់ពីថ្ងៃអាទិត្យ ដល់ថ្ងៃអង្គារ៍។
កាលពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំមុន រដ្ឋបាលរាជធានីភ្នំពេញបានបញ្ចេញរថយន្តក្រុងដឹកអ្នកដំណើរ៣៤៥គ្រឿងនិងមានពលរដ្ឋប្រមាណ ៥ម៉ឺននាក់បានធ្វើដំណើរតាមរថយន្តក្រុងសាធារណៈទាំងនោះ៕
អត្ថបទ៖ អក្ខរា