អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានសង្កេតឃើញថា ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរខាងមុខ និងដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្រួលដំណើរ ចូល-ចេញ ប្រទេសរបស់អ្នកដំណើរទូទៅ ពិសេសពលករកម្ពុជាដែលទៅបំពេញការងារ និងប្រកបមុខរបរផ្សេងៗនៅ ក្រៅប្រទេសបានធ្វើដំណើរវិលចូលប្រទេសវិញជាបន្តបន្ទាប់ ជាក់ស្តែង នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ មានពលរដ្ឋខ្មែរបានធ្វើដំណើរវិលត្រឡប់ចូលប្រទេសវិញ នៅតាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនសរុបចំនួន ៣០,៧៤៤នាក់ ក្នុងនោះមានពលករសរុបចំនួន ៧,៩១០នាក់។
បូកយោងគិតចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ពលរដ្ឋខ្មែរចូលសរុបចំនួន ២៥៥,៩៧៦នាក់ ដែលក្នុងនោះមានពលករចូលសរុបចំនួន ៦៨,៥៥៧នាក់៕