សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ផ្ដល់យោបល់) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៉ីប៉ាស៉ីហ្វិក សូមឱ្យមានការគិតគូរ ធ្វើការជាមួយដៃគូរនានានៅក្នុងកម្ពុជា ហើយផ្ដោតទៅលើពាណិជ្ជកម្មតម្រង់ទិសទៅលើ ពាណិជ្ជកម្មអាស៊ាន និងចិន ដោយសម្ដេច ចាត់ទុកថាប្រទេសចិនគឺជាទីផ្សារធំមួយសម្រាប់អាស៊ាន សម្រាប់កម្ពុជា ហើយប្រទេសចិនមានប្រជាជនច្រើន ហើយបើយើងប្រៀបធៀបប្រជាជនចិនគឺច្រើនជាងអាមេរិកនិងអឺរ៉ុបបូកចូលគ្នាទៀត ហើយសេចក្ដីត្រូវការរបស់ចិនគឺធំធេងណាស់ ដូច្នេះយើងត្រូវមើលទីផ្សារជិតប្រសើរជាងស្វែងរកទីផ្សារឆ្ងាយ ដោយសម្ដេច បានធ្វើការប្រៀបធៀបក្នុង សម័យ covid ដែលពីមុននោះយើងគិតគូរតែទីផ្សារឆ្ងាយៗ ផ្ទុយទៅវិញនៅពេលការរារាំងដោយជំងឺកូវីដ ពាណិជ្ជកម្មរបស់កម្ពុជានិងបណ្ដាប្រទេសអាស៊ានជាអាទិ៍ជាមួយ វៀតណាម ជាមួយថៃ ជាមួយម៉ាឡេស៊ី និងជាមួយចិន មានការកើនឡើងទ្វេរដង ឬ អាចលើសទ្វេរដងទៅទៀត។ ដូច្នេះ សម្ដេចតេជោបានផ្ដល់យោបល់ឲ្យយកចិត្តទុកដាក់ទៅលើទីផ្សារនៅក្នុងតំបន់ ត្រូវយកទុកដាក់លើអ្វីដែលយើងមានហើយដូចជាកិច្ចព្រមព្រៀង RCEP, China-ASEAN Free Trade និងសមាជិកអាស៊ាននីមួយៗ ជាមួយបណ្ដាប្រទេសផ្សេងទៀត។
សម្ដេចតេជោ បានរំលេចផងដែរថា នៅក្នុងបណ្ដាប្រទេសអាស៊ានយើងនេះ យើងមិនព្រួយបារម្ភពីការខ្វះស្បៀងនោះទេ ដោយសារបណ្ដាសមាជិកអាស៊ានមួយចំនួនជាប្រទេសផលិតស្រូវ ស្បៀង ហើយប្រទេសមួយចំនួនទៀតគឺជាប្រទេសដែលនាំចូលនូវស្បៀងអាហារ ដូច្នេះយើងអាចបំពេញឲ្យគ្នាទៅវិញទៅមក ហើយត្រូវធ្វើខិតខំធ្វើសមាហរដ្ឋកម្មលើវិស័យពាណិជ្ជកម្ម ការវិនិយោគផ្សេងៗជាមួយគ្នា។ សម្ដេចក៏បានផ្ដល់អនុសាសន៍សូមឲ្យ វិទ្យាស្ថាន KSI និង AVI របស់កម្ពុជាធ្វើការសិក្សារួមគ្នា ជំរុញទំនាក់ទំនងរកទីផ្សារនៅក្នុងតំបន់ជាពិសេសរវាងអាស៊ាន និងចិន។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងពេលអនុញ្ញាតឱ្យ លោក Tan Sri Michael Yeoh ប្រធានវិទ្យាស្ថាន KSI ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ៕